(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ«ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ» នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
កម្មវិធីនេះមានគោលបំណងជំរុញការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ លើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងលើកតម្លៃការងារដល់យុវជន និងកម្មករជំនាញ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈ ឯកជន និងអង្គការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គណៈកម្មការសម្រាប់ការរៀបចំការប្រកួតប្រជែងជំនាញ និងភាគីពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីនេះ ដែលបង្ហាញជាសាធារណៈនូវការវិវឌ្ឍដោយចីរភាពនៃវិស័យ TVET និងឧត្តមភាពជំនាញ ជាពិសេសទេពកោសល្យរបស់បេក្ខជនចូលរួមប្រកួតប្រជែងឆ្នាំនេះកើនឡើងរហូតដល់ ១១២នាក់ (នារី ២៩ រូប) មកពីគ្រឹះស្ថានចំនួន ២០ ខណៈដែលជំនាញប្រកួតប្រជែងកើនឡើងដល់ ១២។ ឯកឧត្តមមានប្រសាសន៍ថា វឌ្ឍនភាពនេះបង្ហាញពីការវិវត្តជាទីមោទននៃកម្មវិធីនេះក្នុងរយៈពេល១៦ឆ្នាំមកនេះ ដែលកើតចេញពីការផ្តល់អាទិភាពគន្លឹះលើការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ គំនិតច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ។
លើសពីនេះ វឌ្ឍនភាពនេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំរដ្ឋ អង្គការ និងវិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍ និងលើកស្ទួយជំនាញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីទាំងអស់បន្តចូលរួមបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍លើកកម្ពស់ជំនាញនៅកម្ពុជា ពង្រឹងនិងបង្កើនកម្លាំងពលកម្មជំនាញ បង្កើនស្តង់ដាបណ្តុះបណ្តាល លើកកម្ពស់ការវិនិយោគ និងចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ជំនាញជាមូលដ្ឋានគ្រឹះ ជាឆ្អឹងខ្នង និងជាកម្លាំងជំរុញដ៏សំខាន់នៃជីវិតសម័យទំនើប សម្រាប់ការអភិវឌ្ឍអាជីព ឧស្សាហកម្ម និងសេដ្ឋកិច្ចសង្គម។ កម្លាំងពលកម្មដែលមានជំនាញខ្ពស់ ជាឧបករណ៍ស្នូលក្នុងការធ្វើផែនការ ការគ្រប់គ្រងនិងដោះស្រាយប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនឱ្យឈ្វេងយល់ពីតម្លៃនៃកម្មវិធីនេះ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានជ័យលាភីពីការប្រកួតថ្នាក់ជាតិ ថ្នាក់តំបន់ និងឈានឆ្ពោះទៅឈរកាន់ទង់ជាតិកម្ពុជាក្នុងកម្រិតពិភពលោក នាពេលណាមួយខាងមុខ ហើយក៏ត្រូវធ្វើជាគំរូ និងចែករំលែកបទពិសោធដល់សិស្សប្អូន ឬយុវជនជំនាន់ក្រោយផងដែរ៕
ដោយ៖ស្រីពី













