ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ បើកជាផ្លូវការ

សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ បើកថ្ងៃទី៣០ ខែកញ្ញា ដោយផ្តោតលើប្រធានបទ៧ រហូតដល់ថ្ងៃទី១ ខែតុលា និងប្រកាសផែនការអនុវត្តក្របខណ្ឌគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០។

(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើក សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ«គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព»។

ពិធីបើកសប្តាហ៍គាំពារសង្គមឆ្នាំ២០២៦នេះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្រ្តីនានា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម, ប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNRC), ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀត។

ស្របពេលជាមួយគ្នានោះ ក៏មានការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ

«ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០» ដើម្បីពង្រឹងការផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ព្រមទាំងគាំទ្រការស្តារជីវភាពក្រោយគ្រោះអាសន្ន។

សូមជម្រាបថា សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមដោយអ្នកតាក់តែងគោលនយោបាយ ប្រតិបត្តិករ និងអ្នកជំនាញក្នុងប្រទេស និងអន្តរជាតិ ដើម្បីចូលរួមផ្តល់ជាវេទិកាពិភាក្សាសម្រាប់ចែករំលែកបទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ដែលនឹងផ្តោតលើប្រធានបទគន្លឹះចំនួន ៧ តាមវគ្គពិភាក្សានីមួយៗចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៕

ដោយ៖ ស្រីពី