ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

នគរបាលជាតិកម្ពុជា និងអង្គការ Go&Do កូរ៉េ ចុះ MOU ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ថ្ងៃទី១ ខែតុលា អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការ Go&Do កូរ៉េ ចុះ MOU ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រថយន្តពន្លត់អគ្គិភ័យ និងការបណ្តុះបណ្តាល។

ភ្នំពេញ៖ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាមួយលោក PARK WOOHEE នាយកអង្គការសង្គមកិច្ចសុខុមាលភាព Go&Do ប្រចាំសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ មានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) លេខ១១ របស់អង្គការសហប្រជាជាតិ មានគោលបំណងបង្កើតទីក្រុង និងស្ថានទីស្នាក់នៅដែលមានការចូលរួម បញ្ចៀសការប្រឈមនានា មានសុវត្ថិភាព មានសមត្ថភាពរីកចម្រើន និងមានចីរភាព។ កិច្ចព្រមព្រៀងនេះ សំដៅរួមសហការគ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃកម្ពុជា និងអង្គការសង្គមកិច្ចសុខុមាលភាព Go&Do ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងពង្រឹងការយល់ដឹង និងការផ្លាស់ប្តូរអំពីការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងសុវត្តិភាពក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ហើយកិច្ចព្រមព្រៀងនេះ ក៏ផ្តោតសំខាន់ទៅការអនុវត្តគម្រោងផ្សេងៗដូចជា ៖ “ការផ្តល់ជូនរថយន្តពន្លត់អគ្គិភ័យ ដោយឥតគិតថ្លៃទៅប្រទេសកំពុងអភិវឌ្ឍន៍” និង”ការបណ្តុះបណ្តាលបច្ចេកវិទ្យាពន្លត់អគ្គិភ័យ”។

គោលបំណងនេះស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពលេខ១១ ដែលបានបង្កើតឡើងដើម្បីកាត់បន្ថយការស្លាប់ ការរងរបួស និងការខូចខាតផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ ដោយសារគ្រោះមហន្តរាយ ហើយផ្តោតលើការការពារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ការអនុវត្តនឹងរួមមានសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

សូមរំលឹកថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការ (GO&DO(NGO) ដើម្បីចូលរួមចំណែកជាមួយកងកម្លាំងលើការងារពន្លត់អគ្គិភ័យកាន់តែងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យបានទាន់ពេលវេលា ជាពិសេសការរួមចំណែកក្នុងការការពារ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៕ ដោយ៖ ស្រីពី