ធនាគារជាតិកម្ពុជាបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា។
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ដែលអះអាងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងជួបបញ្ហា ឬអាចប្រឈមនឹងបញ្ហានាពេលខាងមុខ។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ ហើយអាចបង្កការយល់ច្រឡំ ប៉ះពាល់ដល់ផលប្រយោជន៍សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និងទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។
ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសចំពោះការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច និងបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។ ស្ថាប័ននេះក៏បានបញ្ជាក់ពីសារៈសំខាន់នៃការទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាព និងទំនុកចិត្តលើវិស័យធនាគារ និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់សាធារណជនឱ្យជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានតាមប្រភពផ្លូវការ។ ជាពិសេស សាធារណជនគួរយកព័ត៌មានពី ធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាមូលដ្ឋានសម្រាប់ការទទួល និងបញ្ជូនបន្តព័ត៌មាន ដើម្បីចៀសវាងការយល់ច្រឡំ និងផលប៉ះពាល់ដែលអាចកើតមាន។


