ថ្មីៗនេះ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានចុះហត្ថលេខាលើកិច្ចសហការជាផ្លូវការជាមួយវិទ្យាស្ថានអន្តរជាតិ World Citi Colleges International (WCCI) របស់ហ្វីលីពីន ដើម្បីរៀបចំបង្កើតសាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានវត្តមានលោកស្រីឧកញ៉ា Carolyne Pung អនុប្រធានក្រុមប្រឹក្សាភិបាល OCIC លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC និងលោក Raymond Patrick Guico នាយកប្រតិបត្តិ WCCI ចុះហត្ថលេខារួមគ្នា។
តាមរយៈកិច្ចសហការនេះ សាកលវិទ្យាល័យថ្មីនឹងចាប់ផ្តើមដំណើរការដោយផ្តល់កម្មវិធីបរិញ្ញាបត្រចំនួន ៣ គឺ វិស្វកម្មជួសជុលយន្តហោះ ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ និងការគ្រប់គ្រងទេសចរណ៍ជាមួយការបណ្តុះបណ្តាលភ្នាក់ងារបម្រើលើយន្តហោះ។

នៅពេលសាលាចូលដំណើរការ និស្សិតកម្ពុជានឹងមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសទៀតឡើយ ដើម្បីទទួលបានការអប់រំនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកអាកាសចរណ៍ ហើយក៏នឹងបើកឱកាសសិក្សា និងការងារសម្រាប់បុគ្គលិកបច្ចេកទេស និងវិស្វករក្នុងស្រុកដែលចូលបម្រើការងារក្នុងវិស័យអាកាសចរណ៍។
លើសពីនេះ និស្សិតនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញអប់រំ និងវិស័យអន្តរជាតិនៅតំបន់មជ្ឈិមបូព៌ា អាមេរិកខាងជើង អឺរ៉ុប អាស៊ីខាងជើង និងអូស្ត្រាលី ដែលបង្កើនលទ្ធភាពសម្រាប់ការសិក្សាបន្ត និងការអភិវឌ្ឍន៍អាជីពការងារ។
បច្ចុប្បន្ននេះ ពេលវេលាចុះឈ្មោះចូលរៀន ថ្លៃសិក្សា និងព័ត៌មានលម្អិតផ្សេងៗទៀតសម្រាប់ការចូលរៀននៅសាកលវិទ្យាល័យនេះ មិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។ ជាមួយនឹងការកែលម្អប្រព័ន្ធអប់រំផ្នែកអាកាសចរណ៍ជាបន្តបន្ទាប់ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអាកាសចរណ៍ក្នុងប្រទេសកម្ពុជា នឹងទទួលបានឱកាសអភិវឌ្ឍន៍ថ្មី។
