ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្រសួងពាណិជ្ជកម្ម គាំទ្រកិច្ចសហការរវាង WSBIDA និង IARD ក្នុងការពង្រឹងការលក់រាយ និងការពារអ្នកប្រើប្រាស់

សរសេរ:ប៉ៃ សុឃីម

លោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាង WSBIDA និង IARD នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការលក់រាយប្រកបដោយការទទួលខុសត្រូវ។

នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦  លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) ជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD)។ ពិធីនេះផ្តោតលើគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ ដោយមានការចូលរួមពីតំណាង IARD, WSBIDA, វិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់អ្នកលក់រាយ និងកសាងសមត្ថភាពបុគ្គលិក ដែលស្របតាមទិសដៅរបស់កម្ពុជាក្នុងការកសាងទីផ្សារប្រកបដោយការទទួលខុសត្រូវ ការពារអ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងដោយស្មើភាព។

ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងពាណិជ្ជកម្ម និងបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាសកម្មភាពជាក់ស្តែង ធានាឱ្យបានថាសកម្មភាពអាជីវកម្មទាំងអស់អនុវត្តស្របតាមច្បាប់ បទប្បញ្ញត្តិ ជាធរមាន៕ដោយ៖ ប៉ៃ សុឃីម