ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សម្ដេចតេជោហ៊ុន សែន អញ្ជើញពលរដ្ឋត្រៀមជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ

មិនតម្រូវឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា ចុះឈ្មោះជាមុន ឬបង្ហាញ ឯកសារផ្សេងៗឡើយ
ដើម្បីចូលរួមសម្រួលការធ្វើដំណើរ និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋអាចប្រើប្រាស់សេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ការរៀបចំសេវាសាធារណៈនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលពិធីបុណ្យប្រពៃណីជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជិះរថយន្តក្រុងក្នុងរយៈពេលកំណត់នេះ មិនតម្រូវឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា ចុះឈ្មោះជាមុន ឬបង្ហាញអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗឡើយ។ វិធានការនេះផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ដោយមិនមាននីតិវិធីស្មុគស្មាញ និងអាចជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរនារដូវបុណ្យ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ អ៊ុំពូមីង លោកតា លោកយាយ ឱ្យប្រើប្រាស់សេវារថយន្តក្រុងសាធារណៈដែលផ្តល់ជូនដោយឥតគិតថ្លៃ និងប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យនេះ ក៏ជាផ្នែកមួយនៃការសម្រួលជីវភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈប្រជាជនត្រៀមធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ និងគោរពប្រពៃណីជាតិ៕ដោយ៖ សុភ័ក្រ្ត