ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ធនាគារ កសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម ប្ដេជ្ញាពង្រីកអាជីវកម្មនៅកម្ពុជាបន្ថែម!

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃធនាគារ កសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម (អាហ្រ្គីប៊ែង)សាខាកម្ពុជា ដឹកនាំដោយលោក To Huy Vu ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។

 
ជាកិច្ចចាប់ផ្ដើមលោក To Huy Vu បានជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ និងការប្តេជ្ញាបន្តពង្រីកអាជីវកម្មនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីឱកាសក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមទៀត ស្របពេលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមកំពុងកើនឡើង។ លោកក៏បានលើកឡើងពីសក្តានុពលនៃបណ្តាញអតិថិជនរបស់ធនាគារ អាហ្គ្រីប៊ែង ដែលជាកត្តារួមចំណែកក្នុងការភ្ជាប់ទំនាក់ទំនងអ្នកវិនិយោគវៀតណាមមកកាន់កម្ពុជា ដើម្បីជំរុញឱកាសវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការថែមទៀតផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការបន្តពង្រីកប្រតិបត្តិការនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យធនាគារក្នុងការគាំទ្រពាណិជ្ជកម្ម ការវិនិយោគ និងផលិតកម្ម។ លោកជំទាវក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងប្រទេសទាំងពីរ ក្នុងការសម្រួលការទូទាត់ និងជំរុញពាណិជ្ជកម្ម និងការប្រើប្រាស់រូបិយវត្ថុជាតិផងដែរ៕ដោយ៖ ស្រីពី