រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីការងារបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរធ្វើការនៅថៃវិលមកធ្វើការក្នុងស្រុក

អានអត្ថបទដើម

សេចក្តីសង្ខេប

នៅថ្ងៃទី៣១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសខ្លួន និងគ្រួសារកងទ័ពនៅទីតាំងសុវត្ថិភាពមួយក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ លោកបានបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅថៃវិលត្រឡប់មកធ្វើការនៅកម្ពុជា។

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី១ ខែសីហាថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយប្រាប់សាច់ញាតិដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការនៅកម្ពុជាវិញ។

នៅថ្ងៃទី៣១ ខែកក្កដា លោក ហេង សួរ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសខ្លួន និងគ្រួសារកងទ័ពនៅវត្តឧត្តរគិរីទួលអណ្ដែត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ និងបានប្រគល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនពួកគាត់។ ពួកគាត់មានប្រមាណ៤១០គ្រួសារ សរុប១,០៥០នាក់ ដែលបានភៀសចេញពីឃុំចំនួន៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ។

លោក ហេង សួរ បានបញ្ជាក់ថា៖ «ការធ្វើការនៅក្នុងប្រទេសមានអត្ថប្រយោជន៍ជាច្រើន។ ជាឧទាហរណ៍ ពេលឈឺ អាចទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដោយមិនបង់ថ្លៃ តាមរយៈបេឡាជាតិសន្តិសុខសង្គម ហើយនៅមានអត្ថប្រយោជន៍ផ្សេងទៀត។ នៅពេលចូលនិវត្តន៍ ក៏អាចទទួលបានប្រាក់សោធនផងដែរ។ ដូច្នេះ ខ្ញុំសូមអំពាវនាវឱ្យអ្នកទាំងអស់គ្នាជួយណែនាំសាច់ញាតិ និងមិត្តភក្តិដែលធ្វើការនៅថៃ ឱ្យឆាប់ត្រឡប់មករកការងារធ្វើនៅកម្ពុជាវិញ។»

លោក ហេង សួរ ក៏បានសម្តែងការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពកម្ពុជាដែលកំពុងប្រយុទ្ធនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី។ លោកបានកោតសរសើរភាពក្លាហាន ភាពរឹងមាំ និងវីរភាពរបស់ពួកគេក្នុងការការពារមាតុភូមិ ព្រមទាំងជូនពរឱ្យទាហានដែលរងរបួសទាំងអស់ឆាប់ជាសះស្បើយ។

អ្នកយកព័ត៌មាន៖ Nget Pisan 

អ្នកទទួលបន្ទុកកែសម្រួល៖ Zhao Yi

មតិយោបល់

កំពុងផ្ទុកមតិយោបល់…