ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី១ ខែសីហាថា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់សមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជាកាលពីម្សិលមិញ ចំពោះកិច្ចខិតខំជាយូរមកហើយក្នុងការទាក់ទាញវិនិយោគិនក្នុងវិស័យនេះឱ្យមកធ្វើធុរកិច្ចនៅកម្ពុជា។
លោកអគ្គលេខាធិការបានថ្លែងដូច្នេះក្នុងជំនួបពិភាក្សានៅថ្ងៃទី៣១ ខែកក្កដា ជាមួយលោក ឈុយ ហ្វង់ (TSUI FUNG) ប្រធានប្រតិបត្តិសមាគម។
លោក ជា វុទ្ធី បានបញ្ជាក់ថា ទោះបីវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាទើបតែចាប់ផ្តើមរីកចម្រើននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ វិស័យនេះបានប្រែក្លាយបន្តិចម្តងៗជាកម្លាំងសំខាន់មួយក្នុងការជំរុញឧស្សាហកម្មកម្ពុជាឱ្យឈានដល់កម្រិតថ្មី និងបង្កើនតម្លៃបន្ថែម។
លោក ឈុយ ហ្វង់ បានជម្រាបលោកអគ្គលេខាធិការអំពីសកម្មភាពដែលសមាគមកំពុងអនុវត្ត។ លោកបានថ្លែងថា សមាគមមានជំនឿចិត្តលើកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។
សមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ហើយនៅពេលនោះមានក្រុមហ៊ុនជាសមាជិកចំនួន៤៦។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកទទួលបន្ទុកកែសម្រួល៖ Zhao Yi












