កម្ពុជាកំពុងពង្រីកទីផ្សារអន្តរជាតិយ៉ាងសកម្ម ដើម្បីស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មថ្មីៗ។ នៅថ្ងៃទី១២ ខែតុលា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាពាណិជ្ជកម្មកម្ពុជា-អាស៊ែបៃហ្សង់ នៅរដ្ឋធានីបាកូ ប្រទេសអាស៊ែបៃហ្សង់ ដោយស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់មកស្រាវជ្រាវទីផ្សារ និងស្វែងរកឱកាសអាជីវកម្មនៅកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យទទួលបានលទ្ធផលជាក់ស្តែង។
វេទិកានេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ដោយមានតំណាងចំនួន១០៧រូបមកពីសហគ្រាសអាស៊ែបៃហ្សង់៩០ក្រុមហ៊ុនចូលរួម ដោយផ្តោតលើការពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសហគ្រាស។


លោក ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងអាស៊ែបៃហ្សង់ នៅមានសក្តានុពលយ៉ាងធំធេងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ចម្ងាយភូមិសាស្ត្រមិនគួរជាឧបសគ្គដល់កិច្ចសហប្រតិបត្តិការឡើយ ហើយភាគីទាំងពីរត្រូវពង្រឹងការផ្លាស់បូរក្រុមហ៊ុន ជំរុញការស្រាវជ្រាវអាជីវកម្ម ភាពជាដៃគូយុទ្ធសាស្ត្រ និងគម្រោងវិនិយោគជាក់លាក់ឱ្យចាប់ផ្តើមអនុវត្ត។
លោកបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសឱ្យចូលទីផ្សារក្នុងស្រុក និងប្តេជ្ញាតាមរយៈយន្តការគាំទ្រ និងការណែនាំពាក់ព័ន្ធ ដើម្បីបង្កើតបរិយាកាសវិនិយោគកាន់តែងាយស្រួលសម្រាប់វិនិយោគិន។


ក្នុងការផ្តោតលើវិស័យសហប្រតិបត្តិការ ភាគីទាំងពីរអាចស្វែងរកឱកាសសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងឧស្សាហកម្ម កសិកម្ម ថាមពល ទេសចរណ៍ អប់រំ ដឹកជញ្ជូន និងឌីជីថល ដោយប្រើប្រាស់គុណសម្បត្តិរៀងៗខ្លួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។
ក្នុងអំឡុងវេទិកានេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាស៊ែបៃហ្សង់ បានផ្លាស់បូរអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ជាវេទិកាសម្រាប់សហគ្រាសទាំងពីរប្រទេសពង្រឹងទំនាក់ទំនង ស្វែងរកដៃគូសហប្រតិបត្តិការ និងជំរុញគម្រោងរួម។
លោក ហ៊ុន ម៉ាណែត បានសង្ឃឹមថា វេទិកានេះអាចផ្លាស់ប្តូរទៅជាការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មជាក់ស្តែងបន្ថែមទៀត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ព្រមទាំងបង្កើតឱកាសអភិវឌ្ឍន៍ថ្មីៗសម្រាប់សហគ្រាសទាំងពីរប្រទេស។
