ហេតុការណ៍គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចព្រែកកំពង់បាយ ខេត្តកំពត ខណៈកុមារ ៥នាក់បានចុះលេងទឹក ហើយជួបឧបទ្ទវហេតុលង់ទឹកទាំងអស់គ្នា។
ភ្លាមៗនោះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។ ជាលទ្ធផល សមត្ថកិច្ចបានសង្គ្រោះកុមារ ៤នាក់រួចផុតពីគ្រោះថ្នាក់ ខណៈកុមារប្រុសម្នាក់ឈ្មោះ អែម ភក្តី អាយុ ៧ឆ្នាំ (មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល) បានលង់ទឹកបាត់បង់ជីវិត ។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញបានបញ្ជាក់ថាកុមាររងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារទទួលយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖ ប៉ៃ សុឃីម











