នៅថ្ងៃទី១៣ ខែតុលា ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនបានប្រកាសថា កាលពីថ្ងៃទី១២ ខែតុលា មន្ត្រីអនុវត្តច្បាប់បានឆ្មក់ចូលទីតាំងមួយនៅក្រុង Quezon ដែលសង្ស័យថាជាកន្លែងប្រតិបត្តិការល្បែងស៊ីសងក្រៅប្រទេសរបស់ហ្វីលីពីន (POGO) ខុសច្បាប់ និងការឆបោកតាមអ៊ីនធឺណិត។ មន្ត្រីបានឃាត់ខ្លួនជនបរទេស៧៦នាក់។ តាមព័ត៌មានបឋម ក្នុងនោះមានពលរដ្ឋចិន៧៤នាក់ និងពលរដ្ឋមីយ៉ាន់ម៉ា២នាក់។
តាមការិយាល័យអន្តោប្រវេសន៍ អង្គភាពឆ្លើយតបពិសេសនៃផ្នែកស៊ើបការណ៍ អង្គភាពប្រតិបត្តិការស៊ើបការណ៍តំបន់ទី៤ និងបញ្ជាការដ្ឋានតំបន់រដ្ឋធានីជាតិនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានសហការអនុវត្តប្រតិបត្តិការនេះ ដោយផ្អែកលើបញ្ជាបេសកកម្មដែលចេញជាផ្លូវការ។
ការិយាល័យអន្តោប្រវេសន៍បានឱ្យដឹងថា នេះជាទីតាំង POGO ខុសច្បាប់ទីពីរដែលអាជ្ញាធរបង្ក្រាបក្នុងរយៈពេលពីរសប្ដាហ៍។ ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់ប្រធានាធិបតី Marcos ឱ្យបង្ក្រាបល្បែងស៊ីសងក្រៅប្រទេសខុសច្បាប់ និងអនុវត្តច្បាប់ប្រឆាំង POGO ឆ្នាំ២០២៥។


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហ្វីលីពីនបានបង្កើនការបង្ក្រាបល្បែងស៊ីសងក្រៅប្រទេសខុសច្បាប់ និងការឆបោកតាមអ៊ីនធឺណិតដែលពាក់ព័ន្ធ ដោយផ្ដោតលើជនសង្ស័យដែលល្មើសបទប្បញ្ញត្តិអន្តោប្រវេសន៍ ប្រកបអាជីវកម្មខុសច្បាប់ ឬប្រព្រឹត្តបទល្មើសតាមអ៊ីនធឺណិត។
ជនបរទេសទាំង៧៦នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយអាជ្ញាធរនឹងចាត់ការតាមច្បាប់អន្តោប្រវេសន៍ហ្វីលីពីន។ ប្រសិនបើអាជ្ញាធរចេញដីកាបណ្ដេញចេញជាផ្លូវការ អ្នកពាក់ព័ន្ធនឹងត្រូវបញ្ចូលក្នុងបញ្ជីខ្មៅរបស់ការិយាល័យអន្តោប្រវេសន៍ និងហាមចូលហ្វីលីពីនជាថ្មី។
លោក Viado ប្រធានការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បានថ្លែងថា ការិយាល័យនឹងបន្តបង្ក្រាបសកម្មភាព POGO ខុសច្បាប់ អនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង និងសហការជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆបោកតាមអ៊ីនធឺណិត និងបទល្មើសផ្សេងៗ។







