កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងរងការរិះគន់ពីកសិករថៃមួយចំនួន ដែលបារម្ភថាការបង្កើនការនាំចូលផលិតផលកសិកម្មពីអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ២,៦ ពាន់លានដុល្លារ អាចប៉ះពាល់ដល់តម្លៃកសិផល និងការចិញ្ចឹមសត្វក្នុងស្រុក។ តាមការផ្សាយរបស់ Amarin TV នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កសិករមួយចំនួនក៏បានចោទសួរពីតម្លាភាពនៃការចរចា និងផលប្រយោជន៍ដែលថៃនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ។

យោងតាមសារព័ត៌មាន Bangkok Post ក្រុមកសិករថៃបានបង្ហាញក្តីបារម្ភពីស្តង់ដារសុវត្ថិភាពចំណីអាហាររបស់សហរដ្ឋអាមេរិក ជាពិសេសការប្រើប្រាស់សារធាតុបន្ថែមមួយចំនួនក្នុងការចិញ្ចឹមជ្រូក ដែលអាមេរិកអនុញ្ញាត ប៉ុន្តែថៃហាមឃាត់។ ជាមួយគ្នានេះ លោក Worawut Siripun អគ្គលេខាធិការរងនៃសមាគមអ្នកចិញ្ចឹមជ្រូកថៃ បានប្រាប់ South China Morning Post ថា ក្នុងការចរចាលើកមុន ថៃបានយល់ព្រមនាំចូលពោតអាមេរិកជំនួសសាច់ជ្រូក ប៉ុន្តែលោកបានរិះគន់គុណភាពពោតនោះ។ លោកក៏អះអាងថា រដ្ឋាភិបាលអានុទីន និងសភាពាណិជ្ជកម្ម មិនបានពិគ្រោះយោបល់ជាមួយសមាគមរបស់លោក មុនការចរចាលើកនេះឡើយ។
ក្តីបារម្ភកាន់តែកើនឡើង ខណៈកិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ និងការបន្ធូរបន្ថយរបាំងពាណិជ្ជកម្មលើផលិតផលកសិកម្មអាមេរិក ដែលអាចបង្កើនការប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក។ កសិករថៃមួយចំនួនព្រួយបារម្ភថា ផលិតផលនាំចូលដែលមានតម្លៃថោក និងផ្គត់ផ្គង់ក្នុងទ្រង់ទ្រាយធំ អាចដាក់សម្ពាធលើប្រាក់ចំណូលរបស់ពួកគេ។ បញ្ហានេះបានជំរុញឱ្យមានការចោទសួរអំពីតុល្យភាពផលប្រយោជន៍ពាណិជ្ជកម្ម និងការការពារវិស័យកសិកម្មថៃ ក្រោមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕






