គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានចុះបំពេញបេសកកម្ម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងមន្ទីរ អង្គភាពពាក់ព័ន្ធ។
បេសកកម្មនេះផ្តោតលើការស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ការដោះស្រាយវិវាទដីធ្លី និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តាមរបាយការណ៍រដ្ឋបាលខេត្តព្រះសីហនុ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ ខេត្តបានទទួលពាក្យបណ្តឹង និងសំណើសរុបចំនួន ៣០៥ករណី តាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ក្នុងនោះ មាន ២៥ករណី ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់ដោយរដ្ឋបាលខេត្ត ៩៨ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ៦៥ករណី ឆ្លើយតបទៅម្ចាស់សំណើ ៤៩ករណី រក្សាទុកជាឯកសារ ៦៤ករណី កំពុងដោះស្រាយ និង៤ករណី ត្រូវបានរៀបចំរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធ។





ក្រៅពីនេះ ខេត្តក៏បានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនជាប់ឃុំក្នុងពន្ធនាគារខេត្ត ដោយផ្តល់ការអប់រំសីលធម៌ អក្ខរកម្ម ភាសាបរទេស និងជំនាញបច្ចេកទេសជាច្រើន ដូចជា ជាងផ្សារដែក អគ្គិសនី ជួសជុលម៉ាស៊ីនត្រជាក់ កាត់ដេរ កាត់សក់ សំណង់ ចិញ្ចឹមសត្វ និងផលិតទឹកពិសាខ្នាតតូច ដើម្បីជួយឱ្យពួកគេមានជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិតក្រោយពេលវិលត្រឡប់ទៅសហគមន៍វិញ។
ក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការដោះស្រាយបញ្ហា និងសំណើរបស់ប្រជាពលរដ្ឋដោយមានការទទួលខុសត្រូវ ព្រមទាំងជំរុញឱ្យបន្តពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការងារឱ្យកាន់តែប្រសើរឡើង។ ចំពោះបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងជំនួបនេះ គណៈកម្មការទី១ នឹងប្រមូលយកទៅរាយការណ៍ជូន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយតាមនីតិវិធីបន្ត៕ ដោយ៖ សុភ័ក្រ្ត






