នាវាដឹកអ្នកដំណើរ និងទំនិញខ្នាតធំដែលទើបសាងសង់ថ្មីរបស់តង់ហ្សានី ឈ្មោះ New Mwanza (MV New Mwanza) បានបុកផ្ទាំងថ្ម Bismarck Rock នៅក្នុងដែនទឹកក្បែរក្រុង Mwanza លើបឹងវិចតូរីយ៉ា (Lake Victoria) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា។ ផ្ទាំងថ្មនេះ គឺជាទេសភាពនិមិត្តរូបមួយរបស់ក្រុង Mwanza។
នៅពេលកើតហេតុ នាវានេះកំពុងធ្វើតេស្តបច្ចេកទេសជាប្រចាំ ដើម្បីត្រៀមបើកដំណើរការដឹកអ្នកដំណើរ និងទំនិញឡើងវិញ។ តាមរបាយការណ៍ ប្រធាននាវាបានបត់ទិសនៅពេលនោះ ដើម្បីគេចពីសាឡាងមួយដែលកំពុងធ្វើដំណើរមកពី Sengerema។
បច្ចុប្បន្ន មិនទាន់មានរបាយការណ៍ពីអ្នករងរបួសនោះទេ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយតម្លៃបច្ចេកទេសបឋមយល់ឃើញថា នាវានេះនៅមានសុវត្ថិភាព ប៉ុន្តែកម្រិតជាក់លាក់នៃការខូចខាតតួនាវា មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
រដ្ឋាភិបាលតង់ហ្សានីបានបង្កើតក្រុមអ្នកជំនាញ ដើម្បីស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ហើយតម្រូវឱ្យបញ្ចប់ក្នុងរយៈពេល ១៤ថ្ងៃ។ នាវានេះត្រូវបានសាងសង់ដោយសហការរវាងតង់ហ្សានី និងក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូង អាចដឹកអ្នកដំណើរបាន ១,២០០នាក់ និងទំនិញ ៤០០តោន ដែលជានាវាដឹកអ្នកដំណើរ និងទំនិញធំជាងគេមួយនៅលើបឹងវិចតូរីយ៉ា។ មុននឹងបើកដំណើរការឡើងវិញ នាវានេះនឹងត្រូវទទួលការវាយតម្លៃបច្ចេកទេសបន្ថែមទៀត។






