ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) បានថ្លែងបទអន្តរាគមន៍ក្នុងមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង (APF) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តម្លៃអឺរ៉ុបជាខែលការពារ ក្នុងពិភពលោកកំពុងរងវិបត្តិ»។

អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជាប្រាប់សភាតំបន់អឺរ៉ុបថា ភាគីថៃនៅតែបន្តរក្សាកងកម្លាំងយោធាលើទឹកដីកម្ពុជា រារាំងការបោះបង្គោលព្រំដែន និងបង្កឧបសគ្គដល់ពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។
ក្នុងឱកាសនេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃគុណតម្លៃសកល រួមមាន លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ ដោយចាត់ទុកថា គោលការណ៍ទាំងនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព និងស្ថិរភាពអន្តរជាតិ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិសេដ្ឋកិច្ច។ ឯកឧត្តមក៏បានរំលឹកពីជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់កម្ពុជាថ្មីៗនេះ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព កិច្ចសន្ទនា និងពហុភាគីនិយម។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនានាដែលមានគោលបំណងបញ្ចប់អរិភាព និងដោះស្រាយវិវាទដោយសន្តិវិធី រួមមាន កិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងពូត្រាចាយ៉ា កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។
ឯកឧត្តមបានលើកឡើងពីកង្វល់ចំពោះវត្តមានកងកម្លាំងយោធាថៃនៅតំបន់ដែលកម្ពុជាចាត់ទុកថាជាដែនអធិបតេយ្យរបស់ខ្លួន ការរាំងស្ទះដល់ដំណើរការកំណត់ព្រំដែន និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមានសិទ្ធិអធិបតេយ្យក្នុងការជម្រាបជូនសហគមន៍អន្តរជាតិអំពីបញ្ហាដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយមិនមានបំណងបង្កើនភាពតានតឹង ឬរារាំងដល់ការស្តារទំនាក់ទំនងទ្វេភាគីឡើយ។ ជាមួយគ្នានេះ ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ ត្រូវផ្អែកលើតម្លាភាព ការគោរពគ្នាទៅវិញទៅមក និងការអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យមានការគោរពអនុសញ្ញា សន្ធិសញ្ញា ផែនទីឧបសម្ព័ន្ធ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងជំរុញឱ្យមានការដកកងកម្លាំងយោធាចេញពីតំបន់ដែលមានការទាមទារថាបានកាន់កាប់ដោយខុសច្បាប់ អនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព និងចាប់ផ្តើមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ឡើងវិញជាបន្ទាន់។


ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសភាប្រើភាសាបារាំង (APF) ដែលបានគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក្នុងមហាសន្និបាតលើកទី៥១ នៅទីក្រុងយ៉ាអ៊ុនដេ ប្រទេសកាមេរូន ព្រមទាំងបានរំលឹកពីការគាំទ្ររបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចំពោះការការពារប្រជាជនស៊ីវិល និងការដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី។ ជាទីបញ្ចប់ ឯកឧត្តមបានគូសបញ្ជាក់ថា អឺរ៉ុប និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវពង្រឹងភាពជាដៃគូ កិច្ចសន្ទនា និងការទទួលខុសត្រូវរួម ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល និងកសាងសន្តិភាពប្រកបដោយចីរភាព៕ដោយ៖សុភ័ក្រ្ត







