ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ រួមជាមួយលោក លោកស្រី សមាជិក-សមាជិកាសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមមានសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលបានមកពីការគៀងគរសប្បុរសធម៌ពីសមាជិកាសមាគមនារី ឧបត្ថម្ភជូនក្រុមគ្រួសាររងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ ចំនួន ០៤ គ្រួសារ ស្ថិតនៅក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកជំទាវប្រធានកិត្តិយស និងក្រុមការងារ បានសម្តែងនូវការសោកស្តាយ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រោះអគ្គិភ័យដែលបានបង្កឱ្យក្រុមគ្រួសាររងគ្រោះបាត់បង់ទាំងអាយុជីវិត ព្រមទាំងខូចខាតសម្ភារៈ និងផ្ទះសម្បែង។


ក្នុងនាមសមាគមនារីខេត្ត លោកជំទាវបាននាំយកនូវសម្ភារៈ និងថវិកាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងគូសបញ្ជាក់ថា សមាគមនារីតែងតែយកចិត្តទុកដាក់ និងជួយសម្រាលការលំបាកដល់ជនរងគ្រោះនានាទៅតាមលទ្ធភាពដែលអាចធ្វើបាន ព្រមទាំងលើកទឹកចិត្តឱ្យគ្រួសាររងគ្រោះព្យាយាមតស៊ូរឹងមាំឡើងវិញ។

គួរបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះទាំង ០៤ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអំណោយរួមមាន៖ អង្ករ ចំនួន ៥០ គីឡូក្រាម មី ត្រីខ ប្រេងឆា កន្ទេល មុង ភួយ កាតាបសិក្សា និង ថវិកា ចំនួន ១.០០០.០០០ រៀល៕ អត្ថបទ-រូបភាព ៖ ប៉ៃ សុឃីម












