ថ្មីៗនេះ ប៉ូលិសល្បាតផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ា (CHP) របស់សហរដ្ឋអាមេរិក បានចេញផ្សាយវីដេអូនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើផ្លូវល្បឿនលឿនលេខ ១១០ ក្នុងទីក្រុងឡូសអាន់ជឺឡេស។
នៅក្នុងវីដេអូ រថយន្ត Tesla មួយគ្រឿងកំពុងប្តូរគន្លងទៅខាងឆ្វេងនៅលើផ្លូវល្បឿនលឿន ស្រាប់តែត្រូវម៉ូតូមួយគ្រឿងនៅខាងក្រោយបុកចំពីក្រោយ។ ការបុកយ៉ាងខ្លាំងបានបង្កឱ្យមានអគ្គិភ័យភ្លាមៗ ហើយអណ្តាតភ្លើងបានឆាបឆេះម៉ូតូ និងអ្នកជិះ។ ជាសំណាងល្អ អ្នកជិះម៉ូតូបានក្រោកឡើងរត់គេចចេញពីភ្លើងយ៉ាងរហ័ស និងពន្លត់ភ្លើងនៅលើខ្លួន ដោយរងរបួសត្រឹមកម្រិតមធ្យមប៉ុណ្ណោះ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
បច្ចុប្បន្ន គ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ប៉ូលិសបានឆ្លៀតឱកាសនេះ រំលឹកដល់អ្នកបើកបរទាំងអស់ឱ្យពិនិត្យកញ្ចក់មើលក្រោយ និងចំណុចងងឹត (blind spot) ឱ្យបានល្អិតល្អន់ មុនពេលប្តូរគន្លងនៅលើផ្លូវល្បឿនលឿន ព្រមទាំងប៉ាន់ប្រមាណជាមុននូវចលនារបស់យានយន្តនៅជុំវិញ ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់កើតឡើង។






