ក្រុមហ៊ុន CP All Plc ដែលស្ថិតក្រោមក្រុមហ៊ុន ឆារ៉ូន ផុកផាន់ (CP Group) របស់ថៃ បានប្រកាសថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ តទៅ ហាងលក់ទំនិញងាយស្រួល 7-Eleven ទាំងអស់របស់ក្រុមហ៊ុននៅកម្ពុជា នឹងបញ្ឈប់ប្រតិបត្តិការទាំងស្រុង។
នៅថ្ងៃអង្គារ ក្រុមហ៊ុន CP All បានដាក់សេចក្តីប្រកាសទៅផ្សារមូលបត្រថៃ ដោយបញ្ជាក់ថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្រោយពីបានពិគ្រោះយោបល់ជាមួយម្ចាស់ម៉ាក 7-Eleven នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន CP All បានចូលមកទីផ្សារកម្ពុជានៅឆ្នាំ២០២១ ដោយបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលខ្លួនជាម្ចាស់ទាំងស្រុង គឺក្រុមហ៊ុន CP All (ខេមបូឌា) ឯ.ក និងបានចុះកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្ម (franchise) ម៉ាក 7-Eleven រយៈពេល ៣០ ឆ្នាំ។
ហាង 7-Eleven នៅកម្ពុជាភាគច្រើនលក់ផលិតផលថៃ ហើយមុនពេលជម្លោះព្រំដែនកម្ពុជា-ថៃផ្ទុះឡើងនៅឆ្នាំ២០២៥ ហាងនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីយុវជនកម្ពុជា។ ក្រោយពេលជម្លោះកើតឡើង ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យបានធ្វើពហិការដោយស្ម័គ្រចិត្ត និងលែងទៅទិញទំនិញនៅហាង 7-Eleven ទៀតហើយ។
ទិន្នន័យបង្ហាញថា ក្រុមហ៊ុន CP All មានហាង 7-Eleven ជាង ១៦.០០០ នៅប្រទេសថៃ។ នៅកម្ពុជា ចំនួនហាង 7-Eleven ធ្លាប់កើនដល់ ១១២ នៅឆមាសទីមួយឆ្នាំ២០២៥ បន្ទាប់មកបានថយចុះជាបន្តបន្ទាប់ មកនៅត្រឹម ៦៣ នៅចុងត្រីមាសទីមួយឆ្នាំ២០២៦ ហើយគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសល់តែ ២៣ ប៉ុណ្ណោះ។








