នៅថ្ងៃទី២៥ ខែវិច្ឆិកា រថយន្តដឹកទំនិញដឹកផលិតផលប្រេងមួយគ្រឿងបានឆេះនៅតំបន់ទីក្រុងគែរធំ ប្រទេសអេហ្ស៊ីប បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៣១នាក់ និងរងរបួស ២១នាក់។ នេះជាគ្រោះថ្នាក់ចរាចរណ៍មួយក្នុងចំណោមគ្រោះថ្នាក់ដែលមានអ្នកស្លាប់ និងរបួសច្រើនបំផុតនៅអេហ្ស៊ីបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលអេហ្ស៊ីប គ្រោះថ្នាក់នេះបានកើតឡើងនៅតំបន់វ៉ារ៉ាក់ ដែលជាតំបន់លំនៅដ្ឋានរបស់វណ្ណៈកម្មករ ក្នុងខេត្តគីហ្សា ដោយចំណុចឆេះស្ថិតនៅពីលើរូងក្រោមដីលេខ១០ នៃផ្លូវក្រវាត់ក្រុង។ បន្ទាប់ពីរថយន្តដឹកទំនិញឆេះ ភ្លើងបានរាលដាលយ៉ាងលឿន ធ្វើឱ្យរថយន្តជាច្រើនគ្រឿងជាប់ក្នុងអណ្តាតភ្លើង ហើយផ្សែងក្រាស់បានហុយពេញទីតាំងកើតហេតុ។ អគ្គីភ័យបានឆេះបំផ្លាញរថយន្ត និងម៉ូតូសរុបចំនួន ២៧គ្រឿង ធ្វើឱ្យទីតាំងកើតហេតុខ្ទេចខ្ទាំយ៉ាងខ្លាំង។ បច្ចុប្បន្ន តួលេខអ្នកស្លាប់ និងរបួសនេះជាតួលេខបឋម។
អយ្យការបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា អគ្គីភ័យនេះបង្កឡើងដោយគ្រោះថ្នាក់បុកគ្នាដែលបណ្តាលមកពីរថយន្តដឹកទំនិញនេះ។ មន្ត្រីម្នាក់នៃក្រសួងប្រេងកាតអេហ្ស៊ីប ដែលមិនសុំបញ្ចេញឈ្មោះ បានឱ្យដឹងថា រថយន្តដឹកទំនិញដែលពាក់ព័ន្ធនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនម៉ៅការឯកជនមួយ។
ក្រោយពេលកើតហេតុ អាជ្ញាធរបានបញ្ជូនរថយន្តសង្គ្រោះចំនួន ៣៩គ្រឿង ដើម្បីដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីស្វែងយល់ពីស្ថានការណ៍។ អយ្យការបានបើកការស៊ើបអង្កេតរួចហើយ ដើម្បីស្វែងរកមូលហេតុជាក់លាក់នៃការឆេះ និងការបុកគ្នានេះ។







