ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារនៅថ្ងៃទី២០ ខែវិច្ឆិកា ជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងព្រះរាជសារនោះ ព្រះអង្គថ្លែងអំណរគុណលោកដែលបានអបអរសាទរខួបលើកទី៧៣ នៃទិវាឯករាជ្យកម្ពុជា ព្រមទាំងថ្លែងអំណរគុណលោកដែលបានគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងកម្ពុជា-ថៃ។
ក្នុងព្រះរាជសារ ព្រះបាទ សីហមុនី មានព្រះរាជបន្ទូលថា ទំនាក់ទំនងកម្ពុជា-អាមេរិក ទទួលបានវឌ្ឍនភាពគួរឲ្យលើកទឹកចិត្ត ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ការអនុវត្តច្បាប់ និងការបោសសម្អាតមីនដើម្បីមនុស្សធម៌។ ព្រះអង្គជឿជាក់ថា មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ នឹងបន្តកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។
ព្រះបាទ សីហមុនី មានព្រះរាជបន្ទូលថា ព្រះអង្គរួមជាមួយប្រជាជនកម្ពុជា សូមថ្លែងអំណរគុណលោក ដូណាល់ ត្រាំ ដែលបានគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលសម្រេចបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបានបន្តជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ព្រះអង្គសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពិតប្រាកដ ដើម្បីបង្កើតលក្ខខណ្ឌឲ្យកម្ពុជា និងតំបន់ទាំងមូល សម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមប្រកបដោយចីរភាព។








