ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីជូនដំណឹងនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះថា ក្រសួងនឹងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រៀបចំបុណ្យសមុទ្រលើកទី១២ នៅខេត្តព្រះសីហនុ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ។ បុណ្យសមុទ្រលើកនេះមានប្រធានបទ «តម្លៃនៃមហាសមុទ្រ៖ សេដ្ឋកិច្ចពណ៌ខៀវ តភ្ជាប់ជីវចម្រុះតំបន់ឆ្នេរប្រកបដោយចីរភាព»។
ដើម្បីធ្វើការងារផ្សព្វផ្សាយព័ត៌មាន ការថតរូបស្វែងរកសម្ភារៈ និងការផ្សព្វផ្សាយលើកកម្ពស់ឱ្យបានល្អក្នុងអំឡុងពេលកម្មវិធី ក្រសួងទេសចរណ៍សូមអញ្ជើញអ្នកសារព័ត៌មាន អ្នកមានឥទ្ធិពល (KOL) និងអ្នកបង្កើតមាតិកាអនឡាញ (អ្នកល្បីលើបណ្ដាញសង្គម) ចុះឈ្មោះចូលរួម។ ព័ត៌មានលម្អិតអំពីការចុះឈ្មោះមានដូចខាងក្រោម៖
រយៈពេលចុះឈ្មោះ៖ ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី៦ ខែធ្នូ។
របៀបចុះឈ្មោះ៖ អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពល អាចចុះឈ្មោះដោយផ្ទាល់ជាមួយ «អនុគណៈកម្មការទំនាក់ទំនងសាធារណៈ និងព័ត៌មាន នៃគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យសមុទ្រលើកទី១២»។ សម្រាប់អ្នកបង្កើតមាតិកាអនឡាញនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត សូមចុះឈ្មោះនៅមន្ទីរទេសចរណ៍មូលដ្ឋាន ដែលមន្ទីរទេសចរណ៍មូលដ្ឋាននឹងប្រមូលបញ្ជីឈ្មោះ ហើយបញ្ជូនជាឯកភាពទៅអនុគណៈកម្មការទំនាក់ទំនងសាធារណៈ និងព័ត៌មាន នៃក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងស្មារតី «ទេសចរណ៍ផ្ដល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា» ក្រសួងសូមស្វាគមន៍អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាទេសចរណ៍ទាំងអស់ ឱ្យចូលរួមយ៉ាងសកម្ម ដើម្បីរួមគ្នាផ្សព្វផ្សាយលើកកម្ពស់ភាពទាក់ទាញនៃទេសចរណ៍សមុទ្រនៅខេត្តព្រះសីហនុ។








