ថ្មីៗនេះ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយអនុញ្ញាតឱ្យជ្រើសរើសពលរដ្ឋរបស់ខ្លួនទៅធ្វើជាទាហានស៊ីឈ្នួលនៅក្រៅប្រទេសទេ ហើយសកម្មភាពជ្រើសរើសបែបនេះគ្រប់ទម្រង់ទាំងអស់ មិនត្រូវបានអនុញ្ញាតឡើយ។
នៅព្រឹកថ្ងៃដដែល គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចុះផ្សាយនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការថា រុស្ស៊ីកំពុងជ្រើសរើសជនបរទេសឱ្យចូលរួមក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមរយៈមធ្យោបាយនានា ដូចជាព័ត៌មានជ្រើសរើសបុគ្គលិកក្លែងក្លាយ និងការបង្ខិតបង្ខំជាដើម។ ភាគីសហភាពអឺរ៉ុបបានឱ្យដឹងថា បច្ចុប្បន្នត្រូវបានរកឃើញថា មានមនុស្សជាង ៤៦ ០០០ នាក់ មកពីជាង ១៥០ ប្រទេសទូទាំងពិភពលោក ត្រូវបានជ្រើសរើស ដែលក្នុងនោះមានទាំងពលរដ្ឋកម្ពុជា ហើយយ៉ាងហោចណាស់ ៥ ១០០ នាក់ បានស្លាប់ក្នុងសង្គ្រាម។
ចំពោះបញ្ហានេះ លោក ចាន់ រតនា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយអនុញ្ញាតឱ្យជ្រើសរើសពលរដ្ឋរបស់ខ្លួនទៅចូលរួមប្រយុទ្ធនៅរុស្ស៊ីទេ។ លោកបានថ្លែងថា៖ «យើងមិនអនុញ្ញាតជាដាច់ខាតចំពោះការជ្រើសរើសពលរដ្ឋកម្ពុជាទៅធ្វើជាទាហានស៊ីឈ្នួលនៅក្រៅប្រទេស ក្នុងទម្រង់ណាមួយឡើយ»។
លោក ចាន់ រតនា បានបន្តថា ក្រសួងការបរទេសកំពុងបន្តតាមដាន និងស៊ើបអង្កេតលើស្ថានការណ៍ពាក់ព័ន្ធ។ ប្រសិនបើរកឃើញថា មានអ្នកជ្រើសរើសពលរដ្ឋកម្ពុជាទៅចូលរួមប្រយុទ្ធនៅក្រៅប្រទេស តាមរយៈបណ្ដាញសម្ងាត់ ឬមធ្យោបាយខុសច្បាប់ អាជ្ញាធរនឹងចាត់វិធានការបង្ក្រាបភ្លាមៗ។
ព័ត៌មានដែលសហភាពអឺរ៉ុបចេញផ្សាយលើកនេះ មិនបានបង្ហាញពីចំនួនជាក់លាក់នៃពលរដ្ឋកម្ពុជាដែលពាក់ព័ន្ធនោះទេ ហើយស្ថានការណ៍នៃការជ្រើសរើស និងការចូលរួមប្រយុទ្ធពាក់ព័ន្ធ នៅត្រូវរង់ចាំការផ្ទៀងផ្ទាត់បន្ថែមទៀត។








