នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា កែវ ម៉ុម (Keo Mom) សមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ រួមជាមួយវិនិយោគិនចិន ទៅទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីប្រតិបត្តិការ និងវឌ្ឍនភាពនៃការសាងសង់កំពង់ផែ ព្រមទាំងពិភាក្សាពីលទ្ធភាពនៃការសហការពាណិជ្ជកម្មជាមួយភាគីកំពង់ផែ។

យោងតាមព័ត៌មានពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ គណៈប្រតិភូបានទស្សនាចំណតកុងតឺន័ររបស់កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និងគម្រោងចំណតកុងតឺន័រទឹកជ្រៅថ្មីដំណាក់កាលទី១ ជាបន្តបន្ទាប់។ មន្ត្រីបុគ្គលិកនៃនាយកដ្ឋានទីផ្សារ និងនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សរបស់កំពង់ផែ បានអមដំណើរ និងទទួលស្វាគមន៍។

ទស្សនកិច្ចសិក្សាលើកនេះ បានផ្តោតសំខាន់លើស្ថានភាពប្រតិបត្តិការ សក្តានុពលអភិវឌ្ឍន៍ និងផែនការសាងសង់នាពេលអនាគតរបស់កំពង់ផែ ព្រមទាំងវិស័យដែលវិនិយោគិនអាចសហការជាមួយភាគីកំពង់ផែបាន។







