រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនការសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថ្មី ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីបង្កើនសមត្ថភាពរំដោះទឹកជំនន់ កាត់បន្ថយការជន់លិចលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ។
គម្រោងនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នការដ្ឋានសម្រេចបានប្រមាណ ៩០ភាគរយ ហើយគ្រោងភ្ជាប់ប្រព័ន្ធទុយោជាមួយស្ថានីយមុនពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីអាចបូមទឹកទម្លាក់ទៅទន្លេ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។
ស្ថានីយបូមទឹកនេះ បំពាក់ដោយម៉ូទ័រចំនួន ៤គ្រឿង ដែលមានសមត្ថភាពបូមទឹកសរុប ៣០,០០០ម៉ែត្រគុបក្នុងមួយម៉ោង ឬស្មើនឹង ៨,៣៤ម៉ែត្រគុបក្នុងមួយវិនាទី។ ប្រព័ន្ធនេះនឹងបូមទឹកពីប្រឡាយបាក់ទូក និងប្រឡាយអូវែង មុនបង្ហូរចូលទន្លេ ដោយជួយរំដោះទឹកមិនត្រឹមតែក្នុងខណ្ឌឫស្សីកែវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រការរំដោះទឹកក្នុងខណ្ឌដូនពេញ និងខណ្ឌទួលគោកផងដែរ។
ស្របគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអនុវត្តគម្រោងស្តារប្រឡាយបាក់ទូក និងប្រឡាយអូវែង ដោយស្តារប្រឡាយសរុបប្រវែង ៧ពាន់ម៉ែត្រ ដើម្បីធានាលំហូរទឹកបានលឿន និងបង្កើនប្រសិទ្ធភាពនៃការរំដោះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
អាជ្ញាធរបានបញ្ជាក់ថា ក្រោយគម្រោងនេះដាក់ឱ្យដំណើរការ នឹងជួយដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងបានកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់តំបន់ខណ្ឌឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ និងតំបន់ជាប់ពាក់ព័ន្ធ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាប្រឡាយ និងគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយការលិចលង់ និងលើកកម្ពស់បរិស្ថានស្អាត៕
ដោយ៖ ប៉ៃ សុឃីម






