បន្ទាប់ពីបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពោលគឺពីថ្ងៃទី៣១ខែកក្កដាដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ វគ្គអប់រំនយោបាយជំនាន់ទី៣៣សម្រាប់មន្រ្តីនិងសមាជិកគណបក្សក្រុងព្រះសីហនុ បានបិទបញ្ចប់ទៅដោយរលូន និងទទួលបានសមិទ្ធផលផ្លែផ្កាគួរទីគាប់ចិត្ត ដោយមានសិក្ខាកាមចូលរួមចំនួន៧៩រូប។ ពិធីបិទវគ្គអប់រំនយោបាយនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីគ្រូឧទ្ទេស និងសិក្ខាកាមជាច្រើរូបទៀត។
ពិធីបិទវគ្គនេះ លោក សរ កក្កដា ប្រធានគណៈកម្មាធិការគណបក្សក្រុងព្រះសីហនុ បានលើកឡើងថា វគ្គអប់រំនយោបាយនាពេលនេះ មានសិក្ខាកាមចំនួន៧៩រូបបានចូលរួមបញ្ចប់វគ្គអប់រំជាស្ថាពរ។ ចំណែក សិក្ខាកាម៥រូបផ្សេងទៀតអវត្តមានមិនបានចូលរួមនោះទេ។ ឆ្លងកាត់ការសិក្សាវគ្គអប់រំនយោបាយរយៈពេល៣ថ្ងៃនេះ លោក សរ កក្កដា បានអះអាងថា មានសិក្ខាកាមចំនួន៤១រូបមានការយល់ដឹងបានល្អស្មើនឹង ៧៨ភាគរយ សិក្ខាកាមចំនួន ៣៦រូបមានការយល់ដឹងបានល្អបង្គួរស្មើនឹង៦៩ភាគរយ។ ក្នុងនោះ លោកបានកត់សម្គាល់ឃើញថា សិក្ខាកាមទាំងអស់ចូលរួមគោរពវិន័យ និងរក្សាសណ្តាប់ធ្នាប់បានល្អដែលធ្វើឱ្យវគ្គអប់រំនេះប្រព្រឹត្តទៅដោយរលូនទទួលបានផ្លែផ្កា និងជោគជ័យតាមការរំពឹងទុក។
លោក សរ កក្កដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេស និងអ្នកសម្របសម្រួល ព្រមទាំងសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឱ្យវគ្គអប់រំនយោបាយជំនាន់ទី៣៣ ដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនខេតុ្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលមកចូលរួមក្នុងវគ្គអប់រំនយោបាយជំនាន់ទី៣៣ ត្រូវគោរពវិន័យ និងយកចំណេះដឹងដែលទទួលបានទាំងអស់នេះចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីពង្រឹងជំនឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ម៉ាង ស៊ីណេត បានអបអរសាទរចំពោះលទ្ធផលដែលវគ្គអប់រំនយោបាយទទួលបាន និងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សក្រុងព្រះសីហនុ និងគណៈឃោសនាអប់រំគណបក្សខេត្ត ដែលបានរៀបចំគ្រប់គ្រង សម្របសម្រួលធ្វើឱ្យវគ្គអប់រំនយោបាយដំណើរការបានល្អប្រសើរ និងថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសនិងអ្នកសម្រួលសម្រួលដែលបានខិតខំយកចិត្តទុកដាក់ ប្រើបញ្ញាញាណស្រាវជ្រាវសម្រឹតសម្រាំងឯកសារ និងឧទ្ទេសនាម បកស្រាយ ពន្យល់ដល់សិក្ខាកាម ព្រមទាំងតម្រង់ទិសឱ្យវគ្គទាំងមូលដំណើរការយ៉ាងរលូន និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា











