(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ឯកឧត្តម ហួត ហាក់ ថ្លែងនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Michel Parys ឯកអគ្គរាជទូតបែលហ្សិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនបែលហ្សិក ដែលបានបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍របស់កម្ពុជា។
ឯកឧត្តម បញ្ជាក់ថា«កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងបានលើកឡើងពីយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និង «ទស្សនាកម្ពុជា នារដូវបៃតង» ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត ពីចំនួនភ្ញៀវទេសចរបែលហ្សិកមកទស្សនាកម្ពុជា និងវិនិយោគិនបែលហ្សិកក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងចំនួនគួរឱ្យកត់សំគាល់ ដែលជាកត្តាជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា–បែលហ្សិក និងការជំរុញកិច្ចសហការរវាងធុរកិច្ចនៃប្រទេសទាំងពីរ (B2B) ដើម្បីទាក់ទាញការវិនិយោគ និងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ដូចគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរវាងកម្ពុជា និងបែលហ្សិកលើវិស័យជាច្រើនរួមទាំងការវិនិយោគរបស់ពលរដ្ឋបែលហ្សិក ព្រមទាំងវត្តមានប្រជាជនបែលហ្សិកនៅកម្ពុជា។ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកាខាងមុខ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលបែលហ្សិកជាមួយប្រតិភូសំខាន់ៗ នឹងចូលរួមក្នុងព្រឹត្តការណ៍អម គឺភូមិភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ខាងមុខនេះ ដែលក្រសួងទេសចរណ៍ទទួលបន្ទុករៀបចំ។
សូមបញ្ជាក់ថា កម្ពុជា-បែលហ្សិក បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៥ និងបានចាប់ផ្តើមភ្ជាប់ជាថ្មីនៅឆ្នាំ១៩៩២ ដែលមានរយៈពេលជាង៣៤ឆ្នាំហើយ៕
ដោយ៖ ធី លីថូ





