ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កិច្ចប្រជុំ JCBC លើកទី៣! កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហការលើវិស័យអាទិភាពជាច្រើនបន្ថែម

KPS99TV

(ម៉ាឡេស៊ី) នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ សន្តិសុខ ការពារជាតិ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុកិច្ចប្រជុំ លើវិស័យសំខាន់ៗខាងលើ។

បន្ថែមពីនេះ ឯកឧត្តមសហប្រធានទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ៕

ដោយ៖ ធី លីថូ