ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កក្រើកទីផ្សារម៉ាឡេស៊ី!ក្រសួងពាណិជ្ជកម្មកម្ពុជា នាំយកសក្តានុពលខ្មែរឆ្ពោះទៅកាន់វេទិកាហាឡាលលំដាប់ពិភពលោក MIHAS 2026

គណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាបានចូលរួម GHaS 2026 និង MIHAS លើកទី២២ នៅគូឡាឡាំពួរ ពិភាក្សាជាមួយ MATRADE និងតំណាងធុរកិច្ចអំពីការពង្រីកទីផ្សារផលិតផលខ្មែរ និងចុះពិនិត្យអង្ករខ្មែរដាក់លក់នៅ KK Super Mart។

តំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកម្មវិធីលំដាប់សកលចំនួនពីរព្រមគ្នា គឺកិច្ចប្រជុំកំពូលហាឡាលសកល ឆ្នាំ២០២៦ (GHaS 2026) និងពិព័រណ៍ផលិតផលហាឡាលអន្តរជាតិម៉ាឡេស៊ីលើកទី២២ (MIHAS 2026) ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី (MITEC) នាទីក្រុងគូឡាឡាំពួរ។ ពិធីបើកសម្ពោធផ្លូវការនៃមហាព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម YAB Dato' Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៊ី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមជាមួយវត្តមានថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់អន្តរជាតិជាច្រើនរូប។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្រោមការរៀបចំដោយ អង្គភាពអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងមានការគាំទ្រពេញទំហឹងពី ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI) ពិព័រណ៍ពាណិជ្ជកម្ម MIHAS 2026 ឆ្នាំនេះ ដំណើរការក្រោមប្រធានបទដ៏មានអត្ថន័យ «កសាងទំនុកចិត្ត និងជំរុញភាពធន់» (Shaping Trust, Driving Resilience)។ វេទិកាដ៏មហិមានេះបានកៀរគរក្រុមហ៊ុនតាំងបង្ហាញរហូតដល់ ១.៧០០ ក្រុមហ៊ុន ស្មើនឹង ២.០០០ ស្តង់ និងពន្លាពិព័រណ៍អន្តរជាតិចំនួន ១៣ ដោយបានទាក់ទាញអ្នកទស្សនាប្រមាណ ៥០.០០០ នាក់ ព្រមទាំងដៃគូធុរកិច្ច និងអ្នកបញ្ជាទិញសក្តានុពលមកពី ៥៨ ប្រទេសជុំវិញពិភពលោក។

ឆ្លៀតក្នុងឱកាសបេសកកម្មការទូតសេដ្ឋកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ YBhg. Dato’ Indera Abu Bakar Yusof នាយកប្រតិបត្តិ MATRADE និងតំណាងធុរកិច្ចឯកជននានា ដើម្បីរិះរកយុទ្ធសាស្ត្រពង្រីកទីផ្សារផលិតផលខ្មែរនៅប្រទេសម៉ាឡេស៊ី។ លើសពីនេះ គណៈប្រតិភូបានចុះត្រួតពិនិត្យផ្ទាល់នូវវត្តមានអង្ករខ្មែរប្រណីតម៉ាក «ផ្កាខ្ញី» (កញ្ចប់ ១ គីឡូក្រាម និង ៥ គីឡូក្រាម) ដែលកំពុងដាក់លក់យ៉ាងសកម្មនៅ KK Super Mart នាអគារទីស្នាក់ការកណ្តាល Menara KK (HQ) ទីក្រុងគូឡាឡាំពួរ ដែលជាបណ្តាញផ្សារទំនើបខ្នាតយក្សមានសាខាច្រើនជាង ១.០០០ កន្លែងទូទាំងប្រទេសម៉ាឡេស៊ី៕ដោយ៖ស្រីពី