ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-វៀតណាម ចែករំលែកបទពិសោធន៍ អំពីការកែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍទីក្រុង និងកិច្ចសហប្រតិបត្តិការទ្វេភាគី!

លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ជាមួយថ្នាក់ដឹកនាំទីក្រុងហៃហ្វុង និង VNPT លើរដ្ឋបាលសាធារណៈ ការអភិវឌ្ឍទីក្រុង និងទូរគមនាគមន៍ ព្រមទាំងទស្សនាសារមន្ទីរនៅវៀតណាម។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញជួបពិភាក្សា និងចែករំលែកបទពិសោធន៍ ជាមួយ លោក ដាវ ជុង ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហៃហ្វុង អំពីការកែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍទីក្រុងនៅប្រទេសវៀតណាម និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ព្រមទាំងបានស្វែងយល់បន្ថែមអំពីសក្តានុពលសេដ្ឋកិច្ចរបស់ទីក្រុងហៃហ្វុង នៅប្រទេសវៀតណាម។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ ឯកឧត្តម ហ៊ុន ម៉ានី នាយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម តូ ហ្ស៊ុង ថាយ ប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មប្រៃសនីយ៍ និងទូរគមនាគមន៍វៀតណាម និងទស្សនកិច្ចនៅសារមន្ទីរ VNPT ជុំវិញបទពិសោធក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា ក៏បានទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាថ្មីរបស់វៀតណាម និងស្តូបអនុស្សាវរីយ៍រម្លឹកដល់ការរួមចំណែករបស់មិត្តអន្តរជាតិក្នុងការបង្រួបបង្រួមជាតិរបស់ប្រទេសវៀតណាម ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕ដោយ៖ ស្រីពី