កម្ពុជា និងជប៉ុន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើការវិនិយោគស្អាត និងបច្ចេកវិទ្យាបៃតង ដើម្បីឆ្លើយតបទៅនឹងវិបត្តិប្រែប្រួលអាកាសធាតុសកល។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុង «វេទិកាសហប្រតិបត្តិសេដ្ឋកិច្ចលំហរអាកាសកម្ពុជា-ជប៉ុន» កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាបានដាក់ចេញគោលដៅយ៉ាងច្បាស់លាស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាម NDC 3.0 របស់កម្ពុជា គោលដៅកាត់បន្ថយ៥៥%នេះ មានលក្ខខណ្ឌ និងត្រូវបានវាស់ធៀបនឹងការបំភាយដែលបានព្យាករណ៍ក្នុងសេណារីយ៉ូអាជីវកម្មដូចធម្មតា (BAU) សម្រាប់ឆ្នាំ២០៣៥។
ផ្អែកលើស្មារតីនេះ ប្រទេសទាំងពីរបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយន្តការ Joint Crediting Mechanism (JCM) ដោយជំរុញការប្រើប្រាស់បច្ចេកវិទ្យាកាបូនទាប ដូចជាប្រព័ន្ធភ្លើង LED ថាមពលពន្លឺព្រះអាទិត្យ និងវិធីសាស្ត្របង្កបង្កើនផលស្រូវបែបឆ្លាស់ផ្លាស់ប្តូរទឹករាំង-សើម (AWD) ដែលជួយកាត់បន្ថយឧស្ម័នមេតាន ព្រមទាំងបង្កើនប្រាក់ចំណូលដល់កសិករ។ បន្ថែមពីនេះ កិច្ចសហការក៏បានពង្រីកទៅដល់ការទាញយកទិន្នន័យផ្កាយរណប និងបច្ចេកវិទ្យាបញ្ជាពីចម្ងាយរបស់ទីភ្នាក់ងារ JAXA ដើម្បីបង្កើនប្រសិទ្ធភាពនៃការតាមដានការប្រែប្រួលបរិស្ថាន ការគ្រប់គ្រងដីធ្លី និងវិស័យកសិកម្មឱ្យកាន់តែមានសុក្រឹតភាព។
ជាមួយគ្នានេះ ភាគីកម្ពុជាបានអំពាវនាវដល់វិនិយោគិន និងស្ថាប័ននៃប្រទេសទាំងពីរឱ្យបន្តទាញយកកលានុវត្តភាពពីទីផ្សារកាបូន កសិកម្មឆ្លាតវៃ ប្រព័ន្ធទិន្នន័យឌីជីថល និងបច្ចេកវិទ្យាបៃតងផ្សេងៗទៀត។ វេទិកាថ្នាក់ជាតិដ៏សំខាន់នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូតជប៉ុន អង្គការ JETRO, JAXA, Japan Space Forum ព្រមទាំងតំណាងវិស័យឯកជន និងស្ថាប័នស្រាវជ្រាវជាច្រើន ដោយរំពឹងថានឹងបើកទំព័រថ្មីនៃការវិនិយោគប្រកបដោយចីរភាព និងភាពធន់រវាងកម្ពុជា និងជប៉ុន។ដោយ៖ស្រីពី














