ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចសមិទ្ធផលថ្មីមួយទៀតក្នុងការលើកកម្ពស់ស្តង់ដាអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាប្រវត្តិសាស្ត្រជាមួយស្ថាប័នសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស។ ពិធីចុះហត្ថលេខានិងកិច្ចពិភាក្សាផ្លូវការនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ន ក្រូលី (Shaun Crowley) នាយកទទួលបន្ទុកកិច្ចការអន្តរជាតិនៃ AQA។នេះបើយោងតាមសេចក្ដីប្រកាសរបស់សារព័ត៌មានក្នុងស្រុកមួយនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ ផ្តោតសំខាន់លើការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ការពង្រឹងប្រព័ន្ធវាយតម្លៃ និងការធានាគុណភាពសិក្សាឱ្យស្របតាមស្តង់ដាអន្តរជាតិ។ លើសពីនេះ ភាគីទាំងពីរនឹងបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់រវាងគ្រឹះស្ថាន TVET នៅកម្ពុជា និងចក្រភពអង់គ្លេស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជាឱ្យមានជំនាញខ្ពស់ ឆ្លើយតបបានយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃឧស្សាហកម្ម និងបច្ចេកវិទ្យាសម័យទំនើប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហេង សួរ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ AQA ក្នុងការនាំយកបទពិសោធន៍ និងស្តង់ដាអប់រំលំដាប់ពិភពលោកមកចែករំលែកនៅកម្ពុជា ដែលជួយបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់សាធារណជន និងនិយោជក។ ជាមួយគ្នានេះ លោក ស៊ន ក្រូលី ក៏បានសម្តែងក្តីសោមនស្សរីករាយ និងចាត់ទុក MoU នេះជាចំណុចចាប់ផ្តើមដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាព និងគុណវុឌ្ឍិធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។ដោយ៖ស្រីពី














