ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

រំលឹក! ថ្ងៃស្អែកចាប់ផ្តើមចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ប្រជាពលរដ្ឋត្រូវត្រៀមឯកសារអ្វីខ្លះ?

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាជូនដំណឹងថា ប្រជាពលរដ្ឋអាយុ១៨ ដល់២៥ឆ្នាំ អាចយកពាក្យពីថ្ងៃទី១ ដល់៩ ខែតុលា ឆ្នាំ២០២៦ និងដាក់ពាក្យពីថ្ងៃទី១០ ដល់១៥ ដោយភ្ជាប់ឯកសារតាមការកំណត់។

ជាថ្មីម្ដងទៀតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ មេត្តាជ្រាបថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែក ពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដូចខាងក្រោម៖

១. កាលបរិច្ឆេទ និងពេលវេលា

- ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦

- ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។

២.ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ

នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។

៣.ឯកសារដែលត្រូវភ្ជាប់មកជាមួយ

ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង(តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖

- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ

- សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។