នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងអធិការកិច្ច កម្ពុជា ដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម Nguyễn Công Vinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពី លោក ផាម វ៉ាន់ ងី (Phạm Văn Nghì) អធិការ នៃអធិការកិច្ចទីក្រុងហូជីមិញ និងលោក លន់ ប៊ុនវឌ្ឍន៍ អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរផងដែរ។នេះបើយោងតាមក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី០១ខែតុលាឆ្នាំ២០២៦
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានថែរក្សាយ៉ាងរឹងមាំលើគ្រប់វិស័យ ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពខ្ពស់លើ «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច»។
ជាការបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរបទពិសោធន៍ការងារអធិការកិច្ចថ្នាក់មូលដ្ឋាន ដោយបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងមន្ទីរអធិការកិច្ចរាជធានី-ខេត្តកម្ពុជា និងអធិការកិច្ចថ្នាក់ខេត្ត-ក្រុងវៀតណាម ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងមិត្តភាពទ្វេភាគី។ បន្ទាប់មក គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជ រៀបចំដោយឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត។ដោយ៖ស្រីពី








