ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កិច្ចប្រជុំ ICC-ព្រះវិហារ ទាមទារទិន្នន័យទម្លាក់គ្រាប់ពីថៃ ខណៈប្រាសាទរងការខូចខាត ៥៦២កន្លែង និងជនភៀសសឹក ២ម៉ឺននាក់មិនទាន់អាចវិលចូលផ្ទះ

សរសេរ:ប៉ៃ សុឃីម

កិច្ចប្រជុំបច្ចេកទេស ICC-ព្រះវិហារ ថ្ងៃទី៣០ ខែកញ្ញា ពិនិត្យការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌ និងការអភិរក្ស ព្រមទាំងស្នើទិន្នន័យបាញ់ប្រហារពីថៃ ដើម្បីគាំទ្រការសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានស្នើឱ្យភាគីថៃផ្តល់ព័ត៌មានលម្អិតអំពីទិសដៅនៃការបាញ់ប្រហារ ព្រមទាំងទិន្នន័យទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ផ្លោងពីដី ដើម្បីយកធ្វើជាមូលដ្ឋានក្នុងការរុករក បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សំដៅធានាសុវត្ថិភាពឡើងវិញនៅក្នុងតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍ជុំវិញ។

សំណើនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការ ICC-ព្រះវិហារ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយមានការចូលរួមពីប្រទេសថៃក្នុងនាមជាសមាជិកគណៈកម្មាធិការនេះផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំ របាយការណ៍បេសកកម្មរបស់អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានបង្ហាញថា ជម្លោះប្រដាប់អាវុធកាលពីចុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រាសាទព្រះវិហាររងការខូចខាតរហូតដល់ ៥៦២កន្លែង ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅលើខ្នងភ្នំ និងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពសហគមន៍មូលដ្ឋាន។

ពាក់ព័ន្ធនឹងកិច្ចអន្តរាគមន៍សង្គ្រោះបន្ទាន់ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយដៃគូអន្តរជាតិ ក្រោមការគាំទ្រពីអង្គការ UNESCO មូលនិធិ ALIPH ក្រសួងវប្បធម៌បារាំង និងរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលទ្ធផលសំខាន់ៗរួមមាន៖
ការបោសសម្អាតយុទ្ធភណ្ឌ (CMAC) បានរំដោះផ្ទៃដីប្រមាណ ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់ ៦២៥កន្លែង គ្រាប់មិនទាន់ផ្ទុះលើដី ៧៣០គ្រាប់ គ្រាប់កប់ក្នុងដី ២៤៧គ្រាប់ និងដ្រូនចំនួន ៤។
ការអភិរក្ស និងជួសជុល ប្រមូល ចុះបញ្ជី និងរក្សាទុកបំណែកថ្មបាក់បែកបានចំនួន ៨៤,៨០០ដុំ, ទល់ទ្ររចនាសម្ព័ន្ធប្រាសាទប្រឈមហានិភ័យខ្ពស់ចំនួន ២៣ទីតាំង (នៅសល់ ២៥ទីតាំងទៀតត្រូវបន្តបន្ទាន់), ដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទ ៥០កន្លែង, សាងសង់ដំបូលការពារ ៤កន្លែង និងស្តារប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត ២៥០ម៉ែត្រ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបម្រើឱ្យមុខងារវប្បធម៌សុទ្ធសាធ ពុំមែន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ លោកជំទាវបានរំលឹកពីសេចក្តីសម្រេច Decision 48 COM 7 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៊ូសាន កាលពីខែកក្កដា ឆ្នាំ២០២៦ ដែលបានបង្ហាញក្តីព្រួយបារម្ភចំពោះផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធមកលើសម្បត្តិមនុស្សជាតិ។
ទន្ទឹមនឹងនេះ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្តែងក្តីសង្ឃឹមថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកទ្វេភាគី (JBC) នឹងបន្តដំណើរការឡើងវិញដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាភៀសសឹកប្រមាណ ២០,០០០នាក់ ដែលរងការរារាំងដោយយោធាថៃ អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយសុវត្ថិភាព។

អង្គប្រជុំបានផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិព្រះវិហារ ឱ្យរៀបចំអាទិភាពតំបន់សម្រាប់បោសសម្អាតគ្រាប់បែកចង្កោម (Cluster Munitions) និងសំណល់ជាតិផ្ទុះ ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីស្រោចស្រង់ និងការពារតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារឱ្យបានគង់វង្សតរៀងទៅ៕
ដោយ៖ ប៉ៃ សុឃីម