ទោះបីជាប្រទេសកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) និងព្យុះទី២៧ ឈ្មោះ ឆយវាន (Choi-wan) ក៏ដោយ ឥទ្ធិពលប្រយោលនៃព្យុះទាំងពីរនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុទូទាំងប្រទេសមានការប្រែប្រួលគួរឱ្យកត់សម្គាល់នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ឥទ្ធិពលនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមបណ្តាតំបន់មួយចំនួន។
ផ្អែកលើស្ថានភាពអាកាសធាតុនេះ បណ្តាខេត្តនៅតំបន់ខ្ពង់រាបនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយអាចមានភ្លៀងធ្លាក់លើផ្ទៃដីរហូតដល់ ៥០% ជាមួយកម្រិតសីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣១°C។ ចំណែកឯតំបន់វាលទំនាប សីតុណ្ហភាពនឹងស្ថិតក្នុងចន្លោះពី ២៥°C ដល់ ៣៣°C ដោយមានលទ្ធភាពភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ ៣០% នៃផ្ទៃដី។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមានចន្លោះពី ២៥°C ដល់ ៣៤°C និងអាចមានភ្លៀងធ្លាក់ប្រមាណ ២០% លើផ្ទៃដី។ ទន្ទឹមនឹងនេះ រលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ រហូតដល់ ១,៧៥ ម៉ែត្រ ដែលទាមទារឱ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ដោយ៖ ស្រីពី




