លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងឱកាសដែល ម្ចាស់ក្សត្រី យាងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះមានគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមនុស្សធម៌នៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតលើការពង្រឹងកិច្ចសហការរវាងកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ព្រមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹងការងារទៅវិញទៅមក។ កិច្ចពិភាក្សានេះត្រូវបានចាត់ទុកថា ជាឱកាសមួយក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌រវាងស្ថាប័នទាំងពីរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយវត្ថុអនុស្សាវរីយ៍ជូន ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា និងយាង ម្ចាស់ក្សត្រី ទតសាលពិព័រណ៍នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ សកម្មភាពនេះបានបង្ហាញពីការរឹតចំណងមិត្តភាព និងការបន្តកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមម៉ាឡេស៊ី។
ដោយ៖ សុភ័ក្រ្ត










