កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែតុលា ដោយមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអធិបតីកិច្ចប្រជុំ។ កិច្ចប្រជុំនេះក៏ជាសកម្មភាពសំខាន់មួយក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេននៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន សម្រាប់ឆ្នាំ២០២៦។
សកម្មភាពពាក់ព័ន្ធនឹងធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា នៅរាជធានីភ្នំពេញ រួមមានកិច្ចប្រជុំបច្ចេកទេស កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងកិច្ចប្រជុំលើកទី២៥។ តំណាងអង្គការអតីតយុទ្ធជននៃបណ្តារដ្ឋជាសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន នឹងចូលរួម ហើយអង្គការអតីតយុទ្ធជនទីម័រឡេស្តេ ក៏នឹងចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។
ក្នុងអំឡុងពេលកិច្ចប្រជុំ ភាគីពាក់ព័ន្ធនឹងផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗដូចជា សុខុមាលភាពអតីតយុទ្ធជន ការងារ និងជីវភាពរស់នៅ អតីតយុទ្ធជនពិការ និងគ្រួសារទាហានដែលបានស្លាប់ក្នុងសមរភូមិ ព្រមទាំងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងអង្គការអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន។
សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដោយផ្តោតសំខាន់លើការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្តារដ្ឋជាសមាជិក ព្រមទាំងយកចិត្តទុកដាក់លើសុខុមាលភាពរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេ។
ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ក៏នឹងមានពិធីប្រគល់-ទទួលតំណែងប្រធានប្តូរវេនផងដែរ។ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៦ ហើយប្រទេសប្រ៊ុយណេ នឹងឡើងជំនួសក្នុងឆ្នាំ២០២៧។
ភាគីកម្ពុជាបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំតំបន់នេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអង្គការអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន និងផ្តល់ជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍លើការផ្តល់សេវា និងការធានាសុខុមាលភាពដល់អតីតយុទ្ធជន។

