កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកា បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡាភ្នំពេញ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា វេទិកានេះ គឺជាវេទិកា អន្តរជាតិប្រចាំឆ្នាំរបស់គណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យានៃ UNFCCC ដែលផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅតាមវិស័យសំខាន់ៗ។ វេទិកានេះត្រូវបានរំពឹងថា នឹងមានការចូលរួមពីគណៈប្រតិភូប្រមាណ២០០នាក់ ដែលមកពីប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រទេសអភិវឌ្ឍតិចតួច(LDCs) និងរដ្ឋកំពុងអភិវឌ្ឍកោះតូចៗ(SIDS) រួមជាមួយតំណាងរដ្ឋាភិបាលអង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍ។
សូមជម្រាបថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រការទូតបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់ កិត្យានុភាពរបស់ប្រទេសលើឆាកអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេស ជាមួយលេខាធិការដ្ឋានUNFCCCនិងដៃគូអភិវឌ្ឍក្នុងការអនុវត្តអនុសញ្ញា UNFCCC កិច្ចព្រមព្រៀងប៉ារីស និងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ៕
ដោយ៖ ស្រីពី


