ក្នុងបរិបទដែលវិស័យទេសចរណ៍ពិភពលោកកំពុងផ្លាស់ប្តូរទៅរកការធ្វើដំណើរដែលផ្តល់តម្លៃដល់សុខភាព បរិស្ថាន និងបទពិសោធន៍ប្រកបដោយអត្ថន័យ ការអភិវឌ្ឍវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ក៏កំពុងផ្តោតកាន់តែខ្លាំងលើគោលការណ៍ សុខុមាលភាព (Wellness) និងចីរភាព (Sustainability)។
ទិសដៅនេះមានសារៈសំខាន់ជាពិសេសសម្រាប់ ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏សំខាន់មួយរបស់កម្ពុជា មានធនធានធម្មជាតិ ឆ្នេរ កោះ និងសក្តានុពលក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ជាច្រើនប្រភេទ។ ការអភិវឌ្ឍទេសចរណ៍នៅទីនេះ មិនអាចផ្តោតតែលើការទាក់ទាញភ្ញៀវ និងការកើនឡើងនៃចំនួនអ្នកទេសចរប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ការរក្សាគុណភាពបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការចូលរួមរបស់សហគមន៍ផងដែរ។
ក្នុងស្មារតីនេះ ព្រឹត្តិការណ៍ចែករំលែកចំណេះដឹងស្តីពី Wellness Activities និង Sustainability in Hospitality ត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel Sihanoukville Holiday Resort ដោយផ្តោតលើការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រជាក់ស្តែង សម្រាប់ជំរុញវិស័យបដិសណ្ឋារកិច្ចឱ្យឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍ជំនាន់ថ្មី។
Wellness ក្លាយជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍នាពេលបច្ចុប្បន្ន កាន់តែផ្តោតលើសុខភាពរាងកាយ និងផ្លូវចិត្ត។ ដូច្នេះ សណ្ឋាគារ រមណីយដ្ឋាន និងអាជីវកម្មទេសចរណ៍មិនអាចផ្តល់តែបន្ទប់ស្នាក់នៅ និងអាហារប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតបទពិសោធន៍ដែលអាចឱ្យភ្ញៀវសម្រាក បន្ធូរអារម្មណ៍ និងទទួលបានសុខុមាលភាព។
ក្នុងកម្មវិធីនេះ លោក Ateeb អ្នកគ្រប់គ្រងទូទៅ បានចែករំលែកអំពីសកម្មភាព Wellness និងតួនាទីរបស់សកម្មភាពទាំងនេះនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ ការអភិវឌ្ឍផលិតផល Wellness អាចរួមមានសកម្មភាពហាត់ប្រាណ យូហ្គា ស្ប៉ា អាហារដែលមានសុខភាពល្អ សកម្មភាពក្រៅអគារ និងការរៀបចំបរិយាកាសដែលជួយឱ្យភ្ញៀវមានអារម្មណ៍ស្ងប់សុខ។ លោកបានអំពាវនាវដល់ភ្ញៀវទេសចរបរទេសកុំភ្លេចដំណើរកំសាន្តនៅកម្ពុជា ព្រោះថាបច្ចុប្បន្ននៅកម្ពុជាមានគោលដៅទេសចរណ៍សម្បូរបែបមិនត្រឹមតែខេត្តសៀមរាបទេ ជាពិសេសខេត្តព្រះសីហនុ ដែលមានតំបន់ទេសចរណ៍ច្រើនកន្លែង កោះស្អាតៗ ទេសភាពស្រស់ត្រកាល ឆ្នេរខ្សាច់ស្រស់ស្អាត មិនចាញ់ប្រទេសផ្សេងៗទេ។
សម្រាប់ខេត្តព្រះសីហនុ Wellness Tourism ក៏មានសក្តានុពលខ្ពស់ ដោយសារខេត្តមានធនធានធម្មជាតិ និងបរិយាកាសឆ្នេរសមុទ្រ ដែលអាចបង្កើតជាផលិតផលទេសចរណ៍ដែលភ្ជាប់សុខភាពជាមួយធម្មជាតិ។ ការដើរតាមឆ្នេរ ការហាត់ប្រាណនៅតំបន់ធម្មជាតិ សកម្មភាពកីឡាទឹក និងកម្មវិធីសម្រាកកាយ និងផ្លូវចិត្ត អាចក្លាយជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍ប្រកបដោយគុណភាព។
អត្ថបទដោយ៖ សុភ័ក្រ្ត
ថតដោយ៖ វីឆាត












