ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

រដ្ឋបាលខេត្តសៀមរាបបំភ្លឺករណីសង្ស័យកែច្នៃផល និងអនុផលព្រៃឈើខុសច្បាប់ នៅស្រុកជីក្រែង

រដ្ឋបាលខេត្តសៀមរាបបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងបុរសធ្វើដងកាំបិតនៅស្រុកជីក្រែង ដែលត្រូវបានចោទប្រកាន់ពីការកែច្នៃផល និងអនុផលព្រៃឈើខុសច្បាប់ ដោយរៀបរាប់ពីការចុះពិនិត្យ វត្ថុតាង និងការចាត់ការបន្ត។

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២៦នេះ បានចេញការបំភ្លឺពាក់ព័ន្ធនឹងព័ត៌មានដែលផ្សព្វផ្សាយថា បុរសធ្វើដងកាំបិតលក់ ត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការបំផ្លាញផល និងអនុផលព្រៃឈើ និងធនធានធម្មជាតិ នៅស្រុកជីក្រែង។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មាន «សាន្ត ព្រហ្ម» បានផ្សព្វផ្សាយតាមហ្វេសបុកផេក Kong Kan TV កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃទី២-៤ ខែមីនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះ ដែលមានការចូលរួមពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិនៅស្រុកចំនួន៤ ដើម្បីអប់រំ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបញ្ឈប់ការផលិតឡធ្យូង និងការបង្កើតរោងសិប្បកម្មខុសច្បាប់។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចុះល្បាតនៅដែនជម្រកសត្វព្រៃបឹងពែរ ចំណុចគោកច្រេស ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ហើយបានរកឃើញមូលដ្ឋានកែច្នៃផល និងអនុផលព្រៃឈើមួយកន្លែង ដែលបង្កើតឡើងដោយឈ្មោះ សុខ សិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ។ ក្នុងទីតាំងនោះ កម្លាំងជំនាញបានរកឃើញម៉ាស៊ីនច្រៀកឈើ ម៉ាកសៀងហៃ ចំនួន១គ្រឿង ដងស្នួរចំនួន១ ដងចបចំនួន២០៥ដើម ដងប៉ូវថៅចំនួន៩៨ដើម និងឈើប្រភេទក្រឡាញ់មួយចំនួន។ វត្ថុតាងដែលពាក់ព័ន្ធត្រូវបានប្រមូលយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការស្រោង។

រដ្ឋបាលខេត្តសៀមរាប បានចាត់ទុកសកម្មភាពនេះថា ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងបញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៥០ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ក្នុងតំបន់ការពារធនធានធម្មជាតិ ពាក់ព័ន្ធនឹងការបង្កើតឡ ឬមូលដ្ឋានកែច្នៃផល និងអនុផលព្រៃឈើ រុក្ខជាតិព្រៃ និងធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងតំបន់ស្នូល និងតំបន់អភិរក្ស។ ជាមួយគ្នានេះ មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តសៀមរាប នៅតែបន្តសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តការសឹករងខេត្ត គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ។ រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យសាធារណជន និងអ្នកសារព័ត៌មាន បន្តចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការថែរក្សា និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។