ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ត្រឹមតែ ១០ថ្ងៃនៃរដូវកាន់បិណ្ឌ! គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ៤៣នាក់ ខណៈក្រសួងមហាផ្ទៃប្រកាសបម្រាមរថយន្តធំ ៣ថ្ងៃ

តាមរបាយការណ៍ក្រសួងមហាផ្ទៃ ថ្ងៃទី២៧ កញ្ញា ដល់ថ្ងៃទី៦ តុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍៨៤ករណី ស្លាប់៤៣នាក់ និងរបួស១១៨នាក់។ រថយន្តធុនធំត្រូវផ្អាកចរាចរណ៍ថ្ងៃទី១០–១២ តុលា។

ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃកាន់បិណ្ឌ១ ដល់បិណ្ឌ១០ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន៨៤ករណី បណ្តាលឱ្យមានអ្នកស្លាប់ ៤៣នាក់ និងរងរបួសធ្ងន់ស្រាល១១៨នាក់។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុនៃគ្រោះថ្នាក់ទាំងនោះ រួមមាន៖ បើកបរលើសល្បឿនកំណត់៣៥ករណី មិនគោរពសិទ្ធិ ២៨ករណី មិនប្រកាន់ស្ដាំ ៥ករណី ប្រជែង ៥ករណី បត់គ្រោះថ្នាក់ ៤ករណី ស្រវឹង ៤ករណី កត្តាយានយន្ត ២ករណី និងងងុយដេក ១ករណី។

របាយការណ៍ដដែលបានបង្ហាញថា គ្រោះថ្នាក់ទាំងនោះបានកើតឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កែប ព្រះសីហនុ កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងស្វាយរៀង។

សូមជម្រាបថា នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទចំនួន ៣ថ្ងៃ នៅថ្ងៃទី១០-១១និង១២តុលា ដើម្បីបញ្ចៀសហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើនឡើង៕

ដោយ៖ ស្រីពី