ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-អារ៉ាប៊ីសាអូឌីត ជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ!

នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យឯកឧត្តម Thamer Mohammed A Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នាទីស្តីការក្រសួងទេសចរណ៍។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហួត ហាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរាជទូតថ្មី ព្រមទាំងបានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរជិត១៦ឆ្នាំមកហើយ។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីអារ៉ាប៊ីសាអូឌីត ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយរបស់កម្ពុជា និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ជាតិ ព្រមទាំងបានបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទីផ្សារ។ ក្នុងនោះ កម្ពុជា កំពុងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍ដោយភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ជាពិសេសគឺភ្ញៀវទេសចរពីតំបន់មជ្ឈិមបូព៌ា។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញការបង្កើតកិច្ចសហការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត។

តាមរយៈការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ ភាគីទាំងពីរ បានឯកភាពពិនិត្យក្នុងការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងការសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម និងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់គ្នាទៅវិញទៅមក និងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ ព្រមទាំងការជំរុញការវិនិយោគ និងការធ្វើទីផ្សារ និងផ្សព្វផ្សាយរួមលើទេសចរណ៍មូស្លីម។ ចំណុចសំខាន់ ភាគីទាំងពីរ នឹងសហការរួមគ្នា ជំរុញក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines ឱ្យពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ

សូមបញ្ជាក់ថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០ ដោយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍នេះត្រូវបានជំរុញជាបន្តបន្ទាប់ តាមរយៈការគាំទ្ររបស់កម្ពុជាចំពោះការបង្កើតការិយាល័យតំបន់របស់អង្គការទេសចរណ៍ពិភពលោក (UN Tourism) នៅរាជធានីរីយ៉ាដ និងការគាំទ្រការធ្វើជាម្ចាស់ផ្ទះសន្និបាតទូទៅរបស់ UN Tourism ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ៕ដោយ៖ ស្រីពី