ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្រសួងទេសចរណ៍បើកចំហទទួលមតិយោបល់ ដើម្បីស្វែងរកដំណោះស្រាយ ខណៈភ្ញៀវទេសចរបរទេសថយចុះ

ក្រសួងទេសចរណ៍ទទួលយកមតិយោបល់ពីសាធារណជន និងអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម រួមទាំងការថយចុះភ្ញៀវអន្តរជាតិ និងជំរុញការស្តារវិស័យទេសចរណ៍។

វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈម ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរបរទេស ដែលបានបង្កឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ ក្រសួងទេសចរណ៍តាមរយៈបណ្ដាញសង្គមបានទទួលស្គាល់បញ្ហានេះ និងបញ្ជាក់ពីការបើកចំហស្តាប់មតិយោបល់ សំណូមពរ និងបទពិសោធន៍ពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែង។ ក្រសួងចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែងថា ជាធាតុចូលដ៏មានតម្លៃសម្រាប់កែលម្អវិស័យនេះ ស្របតាមស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានទទួលស្គាល់ពីការលំបាករបស់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យនេះ។ ដើម្បីឆ្លើយតបនឹងស្ថានភាព រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីអន្តរាគមន៍ជាច្រើន រួមមានកម្មវិធីជំរុញការស្តារឡើងវិញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួន។ ទន្ទឹមនោះ ក្រសួង និងមហាគ្រួសារវិស័យទេសចរណ៍កំពុងអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង៦ និងយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា នឹងបន្តសហការ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ក្រសួងក៏នឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីឱ្យសាធារណជនមានព័ត៌មានគ្រប់គ្រាន់សម្រាប់វាយតម្លៃ និងចូលរួមផ្តល់មតិយោបល់ក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា។