រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ជូនប្រជាពលរដ្ឋ ដែលត្រូវ ធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញវិញ។រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីជួយសម្រួល ដល់បន្ទុកចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងត្រូវធ្វើដំណើរទៅ ឬមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខាងមុខនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ចំពោះទីតាំងចំណត រថយន្តនៅខេត្តព្រះសីហនុ ស្ថិតនៅបរិវេណវេទិកា៧មករា (វិមានឯករាជ្យ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឡែកទីតាំងចំណតរថយន្តនៅរាជធានីភ្នំពេញ ស្ថិតនៅស្ថានីយចំណតរថយន្តក្រុងផ្លូវ ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស)។ រថយន្តក្រុងនឹងចាប់ផ្តើមចេញដំណើរជើងទី១ ពីរាជធានី ភ្នំពេញមកខេត្តព្រះសីហនុ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ និងមានជើងរថយន្តទៅ មកជាបន្តបន្ទាប់ទៀតសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។





