សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៨,០២% ក្នុងឆ្នាំ២០២៥ និង ៩,០១% ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦។ សមិទ្ធផលនេះបានបង្ហាញពីវឌ្ឍនភាពនៃសេដ្ឋកិច្ចវៀតណាម និងសមត្ថភាពក្នុងការរក្សាកំណើនក្នុងកម្រិតខ្ពស់។
ថ្លែងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមបែបនេះក្នុងឱកាសជំនួបពិភាក្សាការងារនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។
ជាមួយគ្នានេះ សម្តេចធិបតីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ វៀតណាមនឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពីរខ្ទង់ ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ខួបមួយរយឆ្នាំទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។





