ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង សហការជាមួយសមាគមសិល្បៈខ្មែរ ទេពមនោរម្យ ប្រទេសបារាំង បានរៀបចំការសម្តែងសិល្បៈក្រោមចំណងជើង «ដែនដីដ៏ពិសិដ្ឋ នៃអច្ឆរិយៈអង្គរ» នៅរោងមហោស្រព Théâtre 13e Art ក្នុងទីក្រុងប៉ារីស ដោយមានអ្នកចូលរួមទស្សនាជាង ៩០០នាក់។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ មានតំណាងរដ្ឋាភិបាលបារាំង តំណាងស្ថានទូតប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តំណាងប្រទេសសមាជិកអាស៊ានប្រចាំទីក្រុងប៉ារីស ព្រមទាំងតំណាងសមាគម វិស័យធុរកិច្ច និងសហគមន៍ខ្មែរនៅប្រទេសបារាំង។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង ឯកឧត្តម លុយ ដាវីត បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយសង្កត់ធ្ងន់លើតួនាទីរបស់វប្បធម៌ និងបេតិកភណ្ឌ ក្នុងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា បារាំង និងសហគមន៍ហ្វ្រង់កូហ្វូនី។ ឯកឧត្តមក៏បានលើកឡើងថា វប្បធម៌ជាមធ្យោបាយសំខាន់សម្រាប់ការសន្ទនា ការយោគយល់គ្នារវាងប្រជាជាតិ និងការថែរក្សាអត្តសញ្ញាណខ្មែរឱ្យបន្តទៅកាន់មនុស្សជំនាន់ក្រោយ។
ការសម្តែងបានបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ខ្មែរ តាមរយៈការរួមបញ្ចូលរបាំបុរាណជាមួយសិល្បៈសហសម័យ ដោយនាំអ្នកទស្សនាឱ្យស្វែងយល់ពីប្រវត្តិសាស្ត្រ ស្មារតី និងភាពអស្ចារ្យនៃអង្គរ។ កម្មវិធីនេះមានការចូលរួមសម្តែងពីសិល្បករកូនខ្មែរដែលរស់នៅប្រទេសបារាំង និងកិច្ចសហការពីមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលអញ្ជើញមកពីកម្ពុជា។ ការរៀបចំនេះបានបង្កើតឱកាសផ្សព្វផ្សាយសិល្បៈ និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ ព្រមទាំងរួមចំណែកពង្រឹងការយល់ដឹងអំពីតម្លៃនៃបេតិកភណ្ឌកម្ពុជា៕
















