ដើម្បីបង្កើនសុវត្ថិភាពក្នុងឳកាសពីធីបុណ្យភ្ជុំបិណ្ឌនេះអ្នកបើកបរដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គួរយល់ដឹងឱ្យបានច្បាស់អំពីល្បឿនអប្បបរមា និងអតិបរមាដែលបានកំណត់តាមប្រភេទយានយន្ត។
ល្បឿនទាបបំផុត(អប្បបរមា) និងខ្ពស់បំផុត(អតិបរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖
- ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល
- ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺមីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ
- ល្បឿន 60 - 80km/h រថយន្តសណ្តោង សឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត
ចំពោះទីតាំងដែលមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវគោរពតាមការកំណត់នៅលើផ្លាកសញ្ញាជាកំហិត ជំនួសឱ្យល្បឿនអតិបរមាទូទៅតាមប្រភេទយានយន្ត។ ដោយឡែក នៅតាមផ្លូវកោង និងច្រកចូលពីផ្លូវចំហៀងទៅកាន់ផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបន្ថយល្បឿនមកត្រឹម ៤០ គីឡូម៉ែត្រក្នុងមួយម៉ោងសិន មុននឹងបង្កើនល្បឿនដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ស្របតាមលក្ខខណ្ឌដែលបានកំណត់។
លើសពីនេះ នៅតាមទីតាំងដែលតម្រូវឱ្យអ្នកបើកបរបន្ថយល្បឿន ក៏មានការដាក់គំនូសរំញ័រ (Rumble Stripes) ដើម្បីផ្តល់សញ្ញាដាស់តឿន និងជួយឱ្យអ្នកបើកបរប្រុងប្រយ័ត្នបានទាន់ពេលវេលា។ ដូច្នេះ អ្នកប្រើប្រាស់ផ្លូវគួរតែគោរពល្បឿនកំណត់ សង្កេតផ្លាកសញ្ញាចរាចរណ៍ និងបន្ថយល្បឿននៅតាមទីតាំងប្រឈមនឹងហានិភ័យ ដើម្បីរួមចំណែកការពារសុវត្ថិភាពអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។














