ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ទេសាភិបាលធនាគារជាតិនៃកម្ពុជាប្រាប់ឧបការីរងក្រសួងរតនាគារអាមេរិកថា៖ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់ សម្រាប់គាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា

លោកជំទាវបណ្ឌិត ជា សិរី បានជួបលោក Robert Kaproth ឧបការីរងក្រសួងរតនាគារអាមេរិក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ច ថ្លៃថាមពល និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ជំនួបនេះផ្តោតលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា ផលប៉ះពាល់ពីការកើនឡើងថ្លៃថាមពលសកល ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងឱកាសពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងភាគីទាំងពីរ។


ក្នុងកិច្ចពិភាក្សា លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេសបន្តដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើន ខណៈទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវក៏បានលើកឡើងពីការបន្តតាមដានស្ថានភាពវិស័យហិរញ្ញវត្ថុ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងក្របខ័ណ្ឌគ្រប់គ្រង ជាពិសេសលើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត។ ចំណែកលោក Robert Kaproth បានបង្ហាញពីក្តីបារម្ភចំពោះផលប៉ះពាល់នៃការកើនឡើងថ្លៃថាមពលលើសេដ្ឋកិច្ច និងអតិផរណា ព្រមទាំងបានពិភាក្សាអំពីការរក្សាស្ថិរភាពសេដ្ឋកិច្ច។

បន្ថែមពីនេះ លោក Robert Kaproth បានសម្តែងការគាំទ្រចំពោះការយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបានបង្ហាញពីលទ្ធភាពបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យនេះ។ ការផ្លាស់ប្តូរយោបល់រវាងភាគីទាំងពីរបានផ្តោតលើការពង្រឹងក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ និងការរក្សាស្ថិរភាពសេដ្ឋកិច្ច ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក៕ ដោយ៖ សុភ័ក្រ្ត